រូបសំណាកហ្លួងព្រះស្តេចកន ទម្ងន់ជិត១០តោន នឹងរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខនេះ
- កម្សាន្ត
- March 13th, 2024 (3 years)
Views: 447
-

យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រូបសំណាក់ហ្លូងព្រះស្តេចកន គង់លើខ្នងសេះ នៅក្នុងសតវត្ស ទី១៤ និងទី ១៥ អំឡុងឆ្នាំ ១៤៨៣ ដល់ ឆ្នាំ១៥២៥ ធ្វើអំពីស្ពាន់សុទ្ធ មានទម្ងន់ជិត១០តោន នឹងសាងសង់រួចរាល់ នៅដើមខែមេសា ឆ្នាំ២០២៤ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។
រូបសំណាកហ្លួងព្រះស្ដេចកននេះ មានកម្ពស់ពីដីដល់កំពូលលើ ១៣,៣៥ម៉ែត្រ និងរូបសំណាកសេះ មានកម្ពស់ ១១ម៉ែត្រ បើគិតពីកម្ពស់សេះផ្នែកជើងក្រោយ ដល់គ្រាប់ព្រួញមានកម្ពស់ជាង ៨ម៉ែត្រ បើគិតប្រវែងសេះពីកន្ទុយរហូតក្បាលមានប្រវែងជិត ១២ម៉ែត្រ។ ធ្វើពីស្ពាន់ចាក់គ្រឹះបេតុងក្រោម នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន ដែលមានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ។
លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ឱ្យដឹងថា រូបសំណាក់ហ្លួងព្រះស្តេចកន យាងជិះសេះ ប្រដាប់ដោយធ្នូ មានគ្រាប់ចំនួន ៣គ្រាប់ ប្រថាប់លើខ្នងសេះបែរព្រះភ័ក្ត្រទៅទិសខាងលិច ក្នុងយុទ្ធសាស្ត្រស្ទាត់ជំនាញខាងប្រើធ្នូ បញ្ជាគ្រាប់ព្រួញបំផ្លាញសត្រូវ ដើម្បីការពារប្រជានុរាស្ត្រ នៃនគរសុវណ្ណភូមិរបស់ទ្រង់។
រូបសំណាក់ស្តេចកន គង់លើខ្នងសេះ គឺស្ថិតលើរង្វង់មូលផ្លូវជាតិលេខ៧ ត្រង់ផ្លូវបត់ចូលទៅកាន់បុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា រូបសំណាកហ្លួងព្រះស្តេចកន ត្រូវបានផ្តួចផ្តើមកសាងឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីទុកជាប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ដឹងពីប្រវត្តិសាស្រ្ត នឹងចូលរួមអភិរក្ស ថែរក្សា បន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ។