![]()
កម្សាន្ត៖ បន្ទាប់ពីបានប្រកាសផ្អាកពីការផលិតវីដេអូប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជាមួយរយៈធំ Rick Kh បានប្រាប់ទៅអ្នកគាំទ្រភ្លាមៗពីការចាកចេញពីប្រទេសកម្ពុជា និងហោះទៅរស់នៅសហរដ្ឋអាមេរិកវិញនោះ បានធ្វើឱ្យអារម្មណ៍អ្នកគាំទ្រជាច្រើនមានការសោកស្តាយក៏ដូចជាមិនសប្បាយចិត្តជាខ្លាំង។

ការរងពាក្យរិះគន់ពីមនុស្សមួយចំនួនតូចបានធ្វើឱ្យ Rick Kh មានអារម្មណ៍ថាហត់នឿយ ទើបលោកបានសម្រេចចិត្តត្រលប់ទៅរស់នៅអាមេរិកវិញមិនបង្អង់ពេលយូរឡើយ។ ទោះជាយ៉ាងណា លោកធ្លាប់បានបញ្ជាក់ឱ្យដឹងដែរថា ក្រៅពីចង់ដកឃ្លាមួយរយៈពីការធ្វើវីដេអូប្រវត្តិសាស្ត្រហើយនោះ គឺលោកមានបំណងទៅរកប្រាក់ដើម្បីផ្គត់ផ្គង់ដល់សមាគមរបស់លោកដែលមានសិស្សនិស្សិតក្រីក្រជាច្រើនរង់ចាំលោកជួយទំនុកបម្រុង។

ការចាកចេញនេះ បានធ្វើឱ្យអ្នកគាំទ្រនៅកម្ពុជាមានអារម្មណ៍មិនសូវរីករាយ ប៉ុន្តែបើក្រលេកមើលពីគ្រួសារ Rick នៅសហរដ្ឋអាមេរិកវិញ ពិតមានរំភើបខ្លាំងបំផុតដែលទីបំផុតពួកគេបានជុំគ្រួសារវិញផងដែរ។ Rick បានទៅពញាក់អារម្មណ៍គ្រួសារដោយទៅមុនពេលកំណត់មួយថ្ងៃមិនប្រាប់ដំណឹងមុនឡើយ ជាហេតុធ្វើឱ្យគ្រួសារលោករំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។

ទោះជាផ្អាកពីការធ្វើវីដេអូប្រវត្តិសាស្ត្រខ្មែរមួយរយៈក៏ពិតមែន ប៉ុន្តែគ្រាន់តែទៅដល់ទឹកដីសហរដ្ឋអាមេរិកភ្លាម Rick មិនបង្អង់ពេលយូរឡើយ ឃើញថាលោកបានធ្វើដំណើរទៅប្រាសាទព្រះនាងសក់មាស ដែលជាទេវកថាដ៏ល្បីមួយដែលមហាជនភាគច្រើនធ្លាប់បានទស្សនារួចមកហើយ។ ទោះបីផ្លូវធ្វើដំណើរមានការពិបាកខ្លាំងក៏ពិតមែន ប៉ុន្តែដោយសារចង់បង្ហាញនូវអ្វីថ្មីៗសម្រាប់ចែកជូនដល់អ្នកគាំទ្របានស្គាល់ ទើបអ្នកបង្កើតមាតិកាដ៏ល្បីរូបនេះបានពុះពារផ្តិតយករូបភាពដើម្បីបង្ហាញដល់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសបានស្គាល់ទាំងអស់គ្នាផងដែរ៕
