×

កង្កែបដែលជាគ្រឿងផ្សំគោលនៃកម្មវិធី MasterChef Cambodia កំពុងខ្វះខាតនៅប្រទេសបារាំង

កង្កែប មិនត្រឹមតែជាម្ហូបមួយដែលពេញនិយមក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាម្ហូបដែលប្រជាជននៅអឺរ៉ុប ពិសេសប្រជាជនបារាំងចូលចិត្តទទួលទានផងដែរ ដោយសារតែមានប្រតេអ៊ីនខ្ពស់។ កង្កែប ធ្លាប់ជាមុខម្ហូបដែលត្រូវបានចម្អិនដោយបេក្ខជនរបស់កម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia កាលពីរដូវកាលមុន ដោយ MasterChef Cambodia ទើបតែបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន។

ថ្ងៃនេះ Plus KH នឹងលើកយករឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទងនឹងសត្វកង្កែបដើម្បីបង្ហាញជូនអ្នកអាន ក៏ដូចជាប្រិយមិត្តរបស់កម្មវិធី MasterChef Cambodia ផងដែរ។

កង្កែបគឺជាម្ហូបដ៏ពេញនិយមក្នុងចំណោមប្រជាជននៅប្រទេសបារាំង ប៉ុន្តែសារព័ត៌មាន The Washington Post បានរាយការណ៍ថា ប្រទេសបារាំងបានប្រើប្រាស់ជើងកង្កែបជាច្រើន ឬ cuisses de grenouille ដែលវាអាចនឹងនាំឱ្យមានការថយចុះនៃប្រភេទសត្វកង្កែប។

អ្នកវិទ្យាសាស្ត្រមួយក្រុមបានបង្ហាញក្ដីបារម្ភរបស់ខ្លួន ដោយផ្ញើជាលិខិតមួយជូនលោកប្រធានាធិបតីបារាំង Emmanuel Macron ។ ក្នុងលិខិតផ្លូវការនោះ ពួកគេនិយាយថា ការប្រមូលផល និងការជួញដូរជើងកង្កែបជាសាកល ធ្វើឱ្យប្រភេទសត្វកង្កែបធ្លាក់ចុះ នៅក្នុងប្រទេស ឥណ្ឌូណេស៊ី និង តួកគី។

អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា៖ “ការសិក្សាថ្មីៗនេះបង្ហាញថា ប្រភេទសត្វ និងចំនួនរបស់ពួកវា កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ចំនួនសត្វកង្កែបនៅក្នុងប្រទេសបារាំង និងសហភាពអឺរ៉ុប ត្រូវបានអភិរក្សពីការកេងប្រវ័ញ្ចពាណិជ្ជកម្ម។ សហភាពអឺរ៉ុប មិនគួរអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មលើសចំណុះ នៃប្រភេទកង្កែប និងចំនួនរបស់វា ក្នុងប្រទេសផ្គត់ផ្គង់ធំៗទៀតទេ”។

ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ សហភាពអឺរ៉ុបបាននាំចូលជើងកង្កែបប្រហែល ២ ពាន់លានក្បាល។ នេះបើយោងតាមការសិក្សាពីការអភិរក្សធម្មជាតិចុះផ្សាយដោយ The Washington Post ។ បារាំង បាននាំចូលជើងកង្កែបចំនួន ៣០០១៥ តោនក្នុងមួយឆ្នាំ។

របាយការណ៍ដែលចេញផ្សាយដោយអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងប្រភេទសត្វជិតផុតពូជ (CITES) បានកត់សម្គាល់ថា ឥណ្ឌូណេស៊ី គឺជាប្រភពដ៏ធំបំផុតនៃជើងកង្កែបដែលត្រូវបានលក់នៅក្នុងសហភាពអឺរ៉ុប ដោយភាគច្រើនមកពីព្រៃ។

ទោះជាយ៉ាងណា លោកស្រី Mirza D. Kusrini សាស្ត្រាចារ្យផ្នែកអភិរក្សធនធានព្រៃឈើក្នុងប្រទេសឥណ្ឌូណេស៊ី បានប្រាប់ថា នាងមិនយល់ស្របនឹងកង្វល់នោះទេ ហើយថាអ្នកវិទ្យាសាស្ត្រឥណ្ឌូណេស៊ី ក៏មិនយល់ស្របជាមួយក្ដីបារម្ភនោះដែរ។

ដូច្នេះបច្ចុប្បន្ន អ្នកចូលចិត្តបរិភោគកង្កែបពុំមានការបារម្ភនោះទេ ដោយសារពុំមានការតម្រូវឱ្យកាត់បន្ថយការទទួលទានជើងកង្កែបនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង