
ធ្លាប់តែឃើញ ហ៊ា ទី, ចែ ជឿន និងកញ្ញា ស៊ួស៊ី សម្ដែងរួមគ្នាក្នុងវីដេអូកំប្លុកកំប្លែងជាច្រើននៅក្នុងបណ្ដាញសង្គមដើម្បីធ្វើឱ្យបងប្អូនផ្ទុះសំណើចជាមួយភាពក្រមិចក្រមើមរបស់ពួកគាត់ ប៉ុន្តែនៅថ្ងៃសៅរ៍សប្ដាហ៍នេះ អ្នកទាំង៣នឹងចូលរួមនៅក្នុងកម្មវិធី Chef Race by IZE ដើម្បីសាកថ្វីដៃគ្នានៅក្នុងការចម្អិនម្ហូបវិញម្ដង។

ក្រៅពីមានភាពប៉ិនប្រសប់នៅក្នុងការធ្វើឱ្យប្រិយមិត្តសើចដោយសារការលេងទឹកមុខហើយនោះ ហ៊ាទី ក៏មានបទពិសោធន៍នៅក្នុងផ្ទះបាយផងដែរ។ យ៉ាងណាមិញ ប្រិយមិត្តប្រហែលជាមិនទាន់ដឹងទេថា តើដៃគូប្រកួតរបស់គាត់ គឺ ចែ ជឿន និងកញ្ញា ស៊ួស៊ី មានសមត្ថភាពកម្រិតណានៅក្នុងការចម្អិនម្ហូប។ អ៊ីចឹងកម្មវិធី Chef Race by IZE នឹងធ្វើការលាតត្រដាងឱ្យប្រិយមិត្តបានដឹងកាន់តែច្បាស់ នៅព្រឹកថ្ងៃសៅរ៍ខាងមុខនេះ។
ក្នុងការប្រកួតសប្ដាហ៍នេះ ដែលត្រូវជាសប្ដាហ៍ទី២៦របស់ Chef Race by IZE ហ៊ា ទី នឹងសហការជាមួយ Chef ស្រីលក្ខ នៅក្នុងក្រុម CAMBODIA ប្រកួតជាមួយក្រុម IZE របស់ ចែ ជឿន និង Chef វិច្ឆិកា ហើយនិងក្រុម EXPREZ ដែលមានកញ្ញា ស៊ួស៊ី និង Chef ស្រីណុច។ ឃើញថា សប្ដាហ៍នេះមានសុទ្ធតែ Chef ជាអតីតបេក្ខជនប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia កាលពីរដូវកាលទី២។
រំឭកទៅសប្ដាហ៍មុន ក្រុមដែលឈ្នះគឺក្រុម EXPREZ ដែលជាការទទួលបានជ័យលាភីលេខមួយជាលើកទី ៧ របស់ក្រុមនេះផងដែរ ក្នុងការប្រកួតចំនួន ២៥សប្ដាហ៍កន្លងមក។ រីឯក្រុម CAMBODIA បានឈ្នះចំនួន ១៣លើក ខណៈក្រុម IZE ធ្លាប់ផ្ដួលក្រុមគូប្រកួតរបស់ខ្លួនបានចំនួន ៥ លើក។
សូមរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ចាប់ពីម៉ោង ១១ ព្រឹកតទៅ ដើម្បីស្វែងរកថាតើក្រុមរបស់ ហ៊ា ទី ឬក្រុមរបស់ ចែ ជឿន និងក្រុមកញ្ញា សួស៊ី ដែលនឹងទទួលបានជ័យលាភីនៅក្នុងសប្ដាហ៍ទី២៦នេះ? កុំឱ្យភាពសប្បាយរីករាយនេះរំលងផុតទៅឱ្យសោះណា៎!

