×

សារព័ត៌មានបរទេស៖ ការចាប់អារម្មណ៍មកលើប្រទេសកម្ពុជាកើនឡើងខ្ពស់ពីភ្ញៀវទេសចរអឺរ៉ុប

យោងតាមសារព័ត៌មាន TTG Asia បានចុះផ្សាយនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថា កាលពីមុនព្រះរាជាណាចក្រកម្ពុជា ធ្លាប់តែជាតំបន់បន្ថែម បន្ទាប់ពីប្រទេសថៃ វៀតណាម និងគោលដៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដោយការស្នាក់នៅជាមធ្យមនៅក្នុងប្រទេសកម្ពុជារបស់ភ្ញៀវទេសចរ គឺមានរយៈពេល៣ថ្ងៃ។

យ៉ាងណាមិញ កម្ពុជា ស្ថិតក្នុងនិន្នាការនៃការធ្វើដំណើររយៈពេលយូរ ដោយសារការកើនឡើងគួរឱ្យកត់សម្គាល់នៃការចាប់អារម្មណ៍ជាគោលដៅទេសចរណ៍តែមួយសម្រាប់ភ្ញៀវទេសចរ។

លោក Steve Lidgey អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Travel Asia a la Carte បានប្រាប់ TTG Asia ថា ក្នុងអំឡុងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ឈានមុខគេនៅលើពិភពលោក ITB Berlin ឆ្នាំ២០២៤ មានការកើនឡើងនៃការចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជាដែលជាគោលដៅតែមួយគត់ពីភ្នាក់ងារអឺរ៉ុប។

លោក Lidgey មានប្រសាសន៍ថា៖ “វាជារឿងល្អដែលឃើញមនុស្សជាច្រើនចាប់អារម្មណ៍លើប្រទេសកម្ពុជាជាគោលដៅតែមួយ ដោយមិនរួមបញ្ចូលជាមួយប្រទេសផ្សេងទៀត។ ពួកគេចង់រុករកគោលដៅ ដោយមិនគ្រាន់តែចំណាយពេលបី ឬបួនថ្ងៃនៅទីនោះទេ”។

លោកបានបន្តថា ការឡើងថ្លៃជើងហោះហើរមកកាន់ព្រះរាជាណាចក្រកម្ពុជា រួមនឹងនិន្នាការធ្វើដំណើរយឺតយ៉ាវក្រោយការបិទខ្ទប់ កំពុងជំរុញមានចលនានេះ។

Lidgey បានបន្ថែមថា៖ “នៅពេលដែលអ្នកមកដល់ប្រទេសកម្ពុជា មិនចាំបាច់មានជើងហោះហើរក្នុងស្រុកទេ”។ លោកបន្តទៀតថា គាត់ទទួលបានការកក់ទុកជាក្រុមសម្រាប់ដំណើរទេសចរណ៍នៅកម្ពុជារយៈពេល ៣០ថ្ងៃ។

“ប្រជាជនចាប់ផ្ដើមចាប់អារម្មណ៍ក្នុងការស្នាក់នៅប្រទេសកម្ពុជាយូរជាងមុន ដើម្បីទទួលបានអារម្មណ៍ពេញលេញ។ ជំនួសឱ្យតែសៀមរាប និងប្រាសាទ និងភ្នំពេញ ពួកគេចង់ទៅបាត់ដំបង មើលសត្វផ្សោតនៅក្រចេះ ដើរលេងនៅមណ្ឌលគិរី និងទទួលយកបទពិសោធន៍ជាមួយប្រជាជន”។ លោកLidgeyបន្ថែម។

“ជនជាតិអឺរ៉ុបជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍លើការធ្វើដំណើរយឺត ហើយយើងអាចឃើញថា ពួកគេចង់ចំណាយពេលច្រើនក្នុងទិសដៅតែមួយ”។

លោកបាននិយាយថា ក្រៅពីទីផ្សារលោកខាងលិច ការធ្វើដំណើរយឺតគឺកាន់តែងាយសម្រាប់ជនជាតិអឺរ៉ុប ដោយសារការឈប់សម្រាកប្រចាំឆ្នាំយូរជាងអ្នកនៅអាមេរិក។

Lidgey ក៏បានអំពាវនាវឱ្យក្រសួងទេសចរណ៍កម្ពុជាដាក់ផែនការទៅមុខជារៀងរាល់ឆ្នាំ ដើម្បីរៀបចំពិធីបុណ្យវប្បធម៌ចម្រុះជាច្រើន រួមមាន បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌ។ល។

ទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្ត និងសកម្មភាពសម្រាប់ពិធីនីមួយៗត្រូវបានចេញផ្សាយនៅប៉ុន្មានសប្តាហ៍មុន ដែលមានន័យថា ប្រតិបត្តិករទេសចរណ៍មិនអាចផ្សព្វផ្សាយទៅកាន់ទីផ្សារដែលមាននិន្នាការកក់ទុកមុនជាច្រើនខែ។

លោកបានជំរុញថា៖ “មានឱកាសគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងការណែនាំភ្ញៀវឱ្យស្គាល់ប្រពៃណីនៃពិធីបុណ្យទាំងនេះ ប៉ុន្តែយើងត្រូវដឹងពីកាលវិភាគជាមុន”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង