×

កូរ៉េខាងត្បូង បង្កើតសាច់គោសំយោគចេញពីសារធាតុគ្រាប់បាយនៅក្នុងមន្ទីរពិសោធន៍

កូរ៉េខាងត្បូង៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង ទទួលបានជោគជ័យក្នុងការសំយោគគ្រាប់បាយជាមួយនឹងសារធាតុនៃកោសិកាសាច់គោ ដោយពួកគេអះអាងថា ជាជំហានមួយដ៏សំខាន់សម្រាប់ឆ្ពោះទៅរកការទទួលបាននូវផលិតផលចេញពីប្រភពប្រូតេអ៊ីនប្រកបដោយនិរន្តរភាព ជាមួយនឹងតម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាចជំនួសរសជាតិសាច់គោពិតប្រាកដពីកសិដ្ឋានបានទៀតផង។

លោកសាស្ត្រាចារ្យ ជីនគី ហុង (Jinkee Hong) មកពីសាកលវិទ្យាល័យយ៉ុនសី (Yonsei) ក្នុងទីក្រុងសេអ៊ូល ដែលបានដឹកនាំការងារសម្រាប់បោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិមាតធ័រ (Matter) ក្នុងខែនេះ បាននិយាយថា៖ “ផលិតផលអាហារសំយោគចេញពីប្រូតេអ៊ីនសាច់គោ” គឺជាប្រភេទផលិតផលកែច្នៃដំបូងគេដែលប្រើប្រាស់ជាមួយសារធាតុភាគល្អិតនៃគ្រាប់បាយជាមូលដ្ឋានសម្រាប់បណ្តុះកោសិកាសាច់និងខ្លាញ់។

ទោះជាបែបណាក្តី ក្រុមអ្នកស្រាវជ្រាវមកពីសាលាយ៉ុនសី (Yonsei) មិនមែនជាក្រុមដំបូងនោះទេ ដែលព្យាយាមនាំយកផលិតផលសាច់គោកែច្នៃចេញពីមន្ទីរពិសោធន៍ ព្រោះថា ក្រុមហ៊ុននានាជុំវិញពិភពលោកបានចាប់ផ្តើមយុទ្ធសាស្ត្រពិសោធន៍ដូចគ្នានេះ រួមមាន សាច់មាន់និងអន្ទង់កែច្នៃសំយោគចេញពីសណ្តែកសៀង បានដាក់លក់នៅក្នុងប្រទេសសិង្ហបុរី។

ចំពោះតម្លៃវិញ លោកសាស្ត្រាចារ្យហុង (Hong) បានបញ្ជាក់ថា សាច់គោសំយោគមានតម្លៃត្រឹមតែ ២ដុល្លារអាម៉េរិកប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ជាតម្លៃដ៏ប្រសើរមួយសម្រាប់ប្រកួតប្រជែងនឹងផលិតផលសាច់គោពិតប្រាកដ បន្ថែមពីនេះ ក៏រួមមាន សារធាតុប្រូតេអ៊ីនខ្ពស់ជាង ៨% និងខ្លាញ់ ៧% ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង