
ដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់កោះនិងតំបន់រមណីយដ្ឋាននានា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានសម្របសម្រួលជូនបវរកញ្ញាចំនួន ៥០ ប្រទេស ទៅទស្សនានៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍នៅលើដីកោះ មានធនធានធម្មជាតិ ធនធានជីវចម្រុះបាតសមុទ្រមានឆ្នេរវែងសរល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនា និងសម្រាកលំហែកម្សាន្ត។

ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមការងារបានជូនបវរកញ្ញាទាំង ៥០ប្រទេសទៅទស្សនាចំនួនពីរទីតាំងទី ១ នៅឆ្នេរសណ្ឋាគាររ៉ូយ៉ាល់សេនលំដាប់ផ្កាយប្រាំ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងទីតាំងទី ២នៅឆ្នេរឋានសួគ៌ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ដើម្បីបង្ហាញទៅដល់បវរកញ្ញាទាំង៥០ប្រទេស បានទស្សនាអំពីតំបន់ទេសចរណ៍ដែលមានឆ្នេរខ្សាច់សល្អស្អាត មានសណ្ឋាគារលំដាប់ផ្កាយ សម្រាប់ទទួលស្វាគមន៍ទៅដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកសម្រាកលំហែកម្សាន្ត។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមបវរកញ្ញាទាំងអស់មានការសប្បាយរីករាយ ដោយឃើញអំពីការអភិវឌ្ឍនៅលើដីកោះមានឆ្នេរ មានសណ្ឋាគារលំដាប់អន្តរជាតិ មានធនធានធម្មជាតិល្អស្អាត ដែលជាការទាក់នឹងចាប់អារម្មណ៍ ក្នុងការផ្សព្វផ្សាយអំពីសក្កានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ដីកោះ។
ជាមួយគ្នានេះដែរក្រុមបវរកញ្ញាទាំង ៥០ ប្រទេសក៏បានបន្តទស្សនាការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ និងទស្សនាការស្ថាបនាខ្មែរធ្វើបាន និងទីតាំងព្រះថោងនាងនាគ ដែលជាកន្លែងទេសចរណ៍វប្បធម៌ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុផងដែរ៕

ដោយ ៖ CNC/ប៉ៃ សុឃីម