×

បវរកញ្ញាហ្វីលីពីន សរសើរកោះរ៉ុងរបស់កម្ពុជាពិតជាស្រស់ស្អាត

ឆ្នេរខ្សាច់សក្បុស អមជាមួយបរិយាកាសដ៏ស្រស់ស្រាយនៅលើកោះរ៉ុងរបសប្រទេសកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ កោតសរសើរមិនដាច់ពីមាត់ ហើយថ្មីៗនេះ បវរកញ្ញារបស់ប្រទេសហ្វីលីពីន ដែលបានរួមដំណើរជាមួយបវរកញ្ញាជាច្រើនប្រទេសផ្សេងទៀត បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះសម្រស់របស់កោះរ៉ុង នៅខេត្តព្រះសីហនុ។

បវរកញ្ញា Marie Gigante បានកោតសរសើរថា ប្រទេសហ្វីលពីន និងប្រទេសកម្ពុជា មានឆ្នេរខ្សាច់សក្បុស ហើយប្រជាជនប្រទេសទាំងពីរមានស្នាមញញឹមយ៉ាងរាក់ទាក់ដូចគ្នា។ នាងបន្តថា ប្រទេសកម្ពុជាពិតជាបានផ្ដល់ជូននូវបដិសណ្ឋាកិច្ចដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ។

ដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់កោះនិងតំបន់រមណីយដ្ឋាននានា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានសម្របសម្រួលជូនបវរកញ្ញាចំនួន ៥០ ប្រទេស ទៅទស្សនានៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍នៅលើដីកោះ មានធនធានធម្មជាតិ ធនធានជីវចម្រុះបាតសមុទ្រមានឆ្នេរវែងសរល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនា និងសម្រាកលំហែកម្សាន្ត។

ក្រុមការងារបានជូនបវរកញ្ញាទាំង ៥០ប្រទេសទៅទស្សនាចំនួនពីរទីតាំងទី ១ នៅឆ្នេរសណ្ឋាគាររ៉ូយ៉ាល់សេនលំដាប់ផ្កាយប្រាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងទីតាំងទី ២នៅឆ្នេរឋានសួគ៌ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ដើម្បីបង្ហាញទៅដល់បវរកញ្ញាទាំង៥០ប្រទេស បានទស្សនាអំពីតំបន់ទេសចរណ៍ដែលមានឆ្នេរខ្សាច់សល្អស្អាត មានសណ្ឋាគារលំដាប់ផ្កាយ សម្រាប់ទទួលស្វាគមន៍ទៅដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកសម្រាកលំហែកម្សាន្ត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង