×

អតីតបេក្ខនារីកម្មវិធីស្រីស្រស់ប្រុសស្អាត មាន សូនីតា បង្ហាញខ្លួនយ៉ាងស្រស់ស្អាតជាគណៈកម្មការក្នុងកម្មវិធីប្រកួតសម្រស់នារីឯក

ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិដំបូងគេនៅកម្ពុជា បានធ្វើឱ្យយុវនារីជាច្រើនមានឱកាសបានបង្ហាញទេពកោសល្យ ក៏ដូចជារូបសម្រស់របស់ខ្លួនដើម្បីដណ្តើមប្រាក់រង្វាន់ ២០ម៉ឺនដុល្លារ និងឱកាសការងារទាំងក្នុងស្រុក និងក្រៅស្រុកហូរហែផងដែរ។

កម្មវិធីប្រកួតសម្រស់នារីឯកនេះដែរ បានរៀបចំឡើងដោយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដោយមានការគាំទ្រដោយក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គណៈកម្មាការក្នុងកម្មវិធីនេះ ត្រូវបានជ្រើសរើសយកអតីតបេក្ខនារីដែលធ្លាប់ប្រកួតក្នុងកម្មវិធី ស្រីស្រស់ប្រុសស្អាត រដូវកាលទី៨ មាន សូនីតា ដែលមហាជនជាច្រើនបានស្គាល់តារាស្រីរូបនេះរួចហើយ ព្រោះក្រោយចប់ការប្រកួតកាលពីឆ្នាំ២០០៩ កន្លងទៅរយៈពេលជាង ១០ឆ្នាំមកនេះ មាន សូនីតា នៅតែអាចឈរជើងយ៉ាងមាំ នៅលើវិថីសិល្បៈដោយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញមិនធម្មតាឡើយ។

ដោយសាររូបសម្រស់យ៉ាងស្រស់ស្អាតដែលអាចដាក់រហស្សនាមឱ្យថារាជិនីសម្រស់ឱ្យនាងផងនោះ មាន សូនីតា តែងត្រូវបានអ្នកគាំទ្រជំរុញឱ្យចូលប្រកួតកម្មវិធីបវរកញ្ញាដូចជា Miss Grand Cambodia ជាដើមដោយសារក្រៅពីរូបសម្រស់ហើយ នាងក៏ជាតារាស្រីមួយរូបដែលមានទាំងចំណេះដឹង និងធ្លាប់បានធ្វើការងារក្នុងសង្គមជាច្រើនផងដែរ។

ចំណុចដែលល្អទាំងព្រមនេះហើយ បានធ្វើឱ្យអ្នកគាំទ្រពិតជាចង់ឃើញវត្តមានរបស់នាងឡើងបង្ហាញសមត្ថភាពលើឆាកប្រកួតបវរកញ្ញាជាខ្លាំង។ យ៉ាងណាមិញ មួយរយៈពេលកន្លងមក មាន សូនីតា បានបង្ហាញព័ត៌មានខ្លះៗពីកម្មវិធីប្រកួតសម្រស់មួយដែលធ្វើឱ្យគ្រប់គ្នារំភើបឥតឧបមា ប៉ុន្តែអ្វីដែលជារឿងភ្ញាក់ផ្អើលនោះគឺ ស្រីស្អាតរូបនេះមិនមែនជាបេក្ខនារីដែលចូលប្រកួតនោះទេ ប៉ុន្តែនាងគឺជាគណៈកម្មការក្នុងកម្មវិធីតែម្តង។

ទោះបីជាការប្រកួត ស្រីស្រស់ប្រុសស្អាត កាលពីឆ្នាំ២០០៩ នាងមិនទទួលបានជ័យលាភីក៏ពិតមែន ប៉ុន្តែក្រលេកទៅចាប់អារម្មណ៍ពីការងារក្នុងសិល្បៈវិញ មាន សូនីតា មានភាពលេចធ្លោខ្លាំងដែលធ្វើឱ្យបណ្តាស្ថាប័នជាច្រើនចាប់អារម្មណ៍សហការការងារជាមួយនាងជាបន្តបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង