
ដំណឹងដ៏រំភើបមួយបានកើតឡើងនៅក្នុងប្រទេសកម្ពុជា! ដោយថ្មីៗនេះ មានរបកគំហើញដ៏អស្ចារ្យមួយនៅសមុទ្រកម្ពុជា បន្ទាប់ពីក្រសួងនិងអង្គការមួយ បានរកឃើញពីការបង្កកំណើតរបស់ផ្កាថ្មនៅសមុទ្រកម្ពុជា ដែលនេះបានសបញ្ជាក់ថា ផ្កាថ្មនៅកម្ពុជានៅតែមានសុខភាពល្អ។

វាត្រូវបានរកឃើញនៅសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ២០២៤នេះ ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ព្រមទាំងដៃគូផ្សេងទៀត។
ការរកឃើញដ៏អស្ចារ្យនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់របស់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។ ការអង្កេតដោយការយកចិត្តទុកដាក់នេះ បានបញ្ជាក់ពីគំរូការងារដ៏ល្អរបស់រដ្ឋបាលជលផល ក្នុងកិច្ចខិតខំប្រឹងប្រែងការពារផ្កាថ្មប្រទេសកម្ពុជា និងជាក្តីសង្ឃឹមដ៏ភ្លឺស្វាងនាពេលអនាគតផងដែរ។

អ្វីដែលសំខាន់បំផុតពីការយល់ដឹងពីពេលវេលាបង្កកំណើតរបស់ផ្កាថ្ម គឺវាផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងផ្កាថ្ម ដែលអនុញ្ញាតឱ្យអ្នកអភិរក្សប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និងវាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ព្រឹត្តិការណ៍នេះ បានបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកត្តាគំរាមកំហែងធំៗដូចជា ការប្រែប្រួលអាកាសធាតុនោះទេ។
យើងគួរដឹងដែរថា ផ្កាថ្មជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្តល់ប្រយោជន៍ដល់អេកូទេសចរណ៍ និងដល់សហគមន៍នេសាទសមុទ្រ ក្នុងប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ រដ្ឋបាលជលផល
