
សួនរុក្ខជាតិអង្គរ មានទំហំផ្ទៃដីប្រមាណ ១៥ ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក។ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំពង្រីកឱ្យធំជាងមុនពីទំហំ១៥ហិកតា ទៅ ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។

អាជ្ញាធរជាតិអប្សរា បានស្នើបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ។
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ថា អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីកសួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតារទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។
លោកបន្តថា អាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង ៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ព្រលែងសត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរ ក៏អាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ៕
