
Judge Nara កំពុងធ្វើឱ្យទស្សនិកជនរបស់ CTN កំពុងរំជើបរំជួលជាមួយនឹងការបង្ហោះរូបថត ២សន្លឹក នៅថ្ងៃទី១ ខែមេសានេះ បន្ទាប់ពីគាត់ត្រូវបានបងប្អូនដឹងថាគឺជាគណៈកម្មការមួយរូប នៃកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣។
តាមរយៈរូបថតទាំងនេះ បង្ហាញថា Judge Nara កំពុងស្ថិតនៅក្រុមហ៊ុន CBS ហើយកំពុងត្រៀមខ្លួនសម្រាប់កម្មវិធី MasterChef Cambodia ដែលគ្រោងនឹងចាក់ផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះ។

Judge ណារ៉ា បានឱ្យដឹងថា៖ “Good morning From CTN (អរុណសួស្ដីពីស្ថានីយទូរទស្សន៍ CTN)”។
ក្រោយការបង្ហោះបែបនេះ សង្កេតឃើញថា ប្រិយមិត្តដែលរង់ចាំយ៉ាងអន្ទះសា បានបង្ហាញអារម្មណ៍រំភើប និងចង់ទស្សនាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ ថា នៅក្នុងរដូវកាលទី៣នេះនឹងមានអ្វីប្លែក ថ្មី សម្រាប់ផ្ដល់ជូនពួកគាត់នៅលើកញ្ចក់ទូរទស្សន៍ CTN។
នៅក្នុងរដូវកាលទី៣នេះ ប្រិយមិត្តនឹងបានជួបជាមួយគណៈកម្មការថ្មីមួយរូប ដែលនឹងមកកាន់ផ្ទះបាយ MasterChef Cambodia ដើម្បីចូលរួមជាមួយគណៈកម្មការពីររូបទៀតគឺ Judge Nara និង Judge Jessica ដែលពួកគាត់នឹងនៅជាមួយទស្សនិកជនរបស់ MasterChef Cambodia រដូវកាលទី៣ ចាប់ពីថ្ងៃចាក់ផ្សាយដំបូង រហូតដល់ថ្ងៃចាក់ផ្សាយវគ្គផ្ដាច់ព្រ័ត្រ។

សូមជម្រាបថា កម្មវិធីនេះ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន កាលពីរដូវកាលទី១ និងទី២ ត្បិតកម្មវិធីនេះបានរួមចំណែកជួយដល់ការលើកស្ទួយវិស័យម្ហូបអាហាររបស់កម្ពុជា ឱ្យពិភពលោកបានស្គាល់ផងដែរ៕