
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន CBS និង Sastra Film បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីការចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរចំនួនពីររឿង គឺរឿង “កូនក្រមុំកែមុខ” និងរឿង “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV ក្នុងខែមេសានេះ។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីលោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS និងលោកស្រី ប៊ុន ចាន់និមល នាយកប្រតិបត្តិក្រុមហ៊ុន Sastra Film រួមទាំងគណៈគ្រប់គ្រង CBS សិល្បករ និងសិល្បការនី រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត។


ក្នុងឱកាសនោះ លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS បានថ្លែងការកោតសរសើរដល់ក្រុមផលិតខ្សែរភាពយន្ត Sastra Film គ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តល្អៗ។ លោកបញ្ជាក់ថា ក្រុមហ៊ុន CBS នឹងបន្តសហការជាមួយ Sastra Film នាំមកនូវភាពយន្តភាគល្អៗ បន្ថែមទៀត មកចាក់បញ្ចាំងជូនដល់ទស្សនិកជន ព្រោះភាពយន្តដែលផលិតដោយ Sastra Film មានគុណភាពល្អ ទាំងបច្ចេកទេសនៃការថត និងភាពប៉ិនប្រសព្វនៃតួសម្តែង។

ជាមួយគ្នានេះ ក្នុងនាមនាយកប្រតិបត្តិក្រុមហ៊ុន CBS លោកសប្បាយចិត្តដែលបាននាំយករឿងភាពយន្តល្អៗមកជូនដល់ទស្សនិកជននៅកម្ពុជា។ បន្ថែមពីលើនេះ លោក David Ulmer បានបន្តថា CBS គឺជាបណ្តាញព័ត៌មានមួយដែលមានការពេញនិយម ដោយមានអ្នកទស្សនាជាច្រើនលាននាក់ ទាំងក្នុងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាក្នុងបណ្តាញផ្សព្វផ្សាយឌីជីថលផងដែរ។
ដោយឡែក លោកស្រី ប៊ុន ចាន់និមល បានលើកឡើងថា លោកស្រី មានសេចក្តីរីករាយដែលបានសហការជាមួយ CBS និងបានថ្លែងអំណរគុណដល់លោក David Ulmer ដែលបានគាំទ្រ និងឱ្យតម្លៃទៅលើការប្រឹងប្រែងផលិតរបស់ Sastra Film។ លោកស្រីបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រី មានបទពិសោធន៍ផលិតជាច្រើនរឿងមកហើយ និងយូរឆ្នាំ ដែលមានបុគ្គលិកប្រហែលជា ២០០នាក់នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន បានផលិតមាតិកាចម្រុះប្រហែលជា ១០០ ចំណងជើងក្នុងមួយឆ្នាំ ក្នុងនោះ ខ្សែភាពយន្តរឿងភាគ គឺជាបេសកកម្មមួយដែលលោកស្រីជឿជាក់ថា ជាផ្នែកមួយជួយរុញវិស័យភាពយន្តខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើនឡើង តាមរយៈការផលិតខ្សែភាពចម្រុះជាច្រើន។

លោកស្រី អះអាងថា បានដឹងពីចំណង់ចំណូលចិត្ត ថា ទស្សិកជនចូលចិត្តទស្សនាខ្សែភាពយន្តបែបណា។ ហើយបន្ថែមពីលើនេះ លោកស្រី មានតួសម្តែងដែលប៉ិនប្រសប់ក្នុងការសម្តែង ពោរពេញដោយទេពកោសល្យ អ្នកដឹកនាំរឿងល្អ និងមានការគាំទ្រពីទស្សនិកជនជាច្រើនទៀតផងដែរ ។
សូមជម្រាបថា រឿង កូនក្រមុំកែមុខ មានដំណើរដើមទងទាក់ទិនទៅ ឆដា បានកែមុខ អមរា ដែលបាត់ការចងចាំឱ្យក្លាយជានាង ដើម្បីមកទទួលទោសសម្លាប់ប៉ាក្មេកជំនួសនាង។ អមរា ត្រូវជួបការលំបាកជំនួស ឆដា ជាច្រើននៅ ពេលដែលមានមុខដូច ឆដា។ វិទ្យា ជាប្តី ឆដា ខឹងណាស់មិនដឹងរឿងទេគិតថា អមរា ជា ឆដា ក៏ធ្វើបាបដើម្បីសងសឹកព្រោះសង្ស័យថានាងសម្លាប់ប៉ារបស់ខ្លួន។ ចុងក្រោយប្រែពីការស្អប់ មកជាស្រឡាញ់ អមរា វិញ ព្រោះ អមរា ជាមនុស្សល្អបើទោះបីមានមុខដូចប្រពន្ធ ចិត្តអាក្រក់របស់គាត់ក៏ដោយ។


សម្រាប់រឿង អន្ទាក់ស្នេហ៍ក្នុងកុងត្រា វិញ មានរឿងរ៉ាវទាក់ទងទៅនឹងនារីស្រស់ស្អាត ដែលមានឈ្មោះថា ស្រីណៃ ត្រូវម្តាយរបស់ ដេវីត ជួលនាងឱ្យទៅបោកប្រាស់ ដេវីត និងកែចរិត ដេវីត ឱ្យល្អដើម្បីឱ្យ ដេវីត ភ្ជាប់ពាក្យជាមួយមនុស្សដែលម៉ាក់ ដេវីត រើស។ ក្រោយពេលបោកប្រាស់ដេវីតបានជោគជ័យ ស្រីណៃ ក៏ចប់តួនាទីដូចគ្នា។ ស្រីណៃ ត្រូវចាកចេញ បើទោះស្រីណៃ ខុសលក្ខខណ្ឌស្រឡាញ់ ដេវីត បាត់ហើយក៏ដោយ។ តែ ដេវីត មិនព្រមចប់ងាយៗ ដេវីត តាមរករឿងធ្វើបាប ស្រីណៃ មិនឈប់មិនឈរ។ ដេវីត ដឹងច្បាស់ថា គេធ្វើមិនមែន ព្រោះស្អប់តែគេធ្វើដោយសារស្រឡាញ់ចង់នៅជិត ស្រីណៃ។ ម៉ាក់ដេវីត ព្យាយាមបំបែក ដេវីត ជាមួយស្រីណៃ គ្រប់ពេលវេលា។ ទោះ ដេវីត មានគូដណ្តឹង ដេវីត នៅតាមការពារស្រីណៃ ហើយកាន់ដៃ ស្រីណៃ ឆ្លងកាត់ឧបសគ្គដ៏ធំដែលជាម៉ាក់របស់ដេវីត៕


អត្ថបទ៖ CNC