
មន្ត្រីអប់រំហ្វីលីពីន បានលើកឡើងថា សាលារៀនជាច្រើនកន្លែងនៅក្នុងរដ្ឋធានីម៉ានីល បានផ្អាកថ្នាក់រៀនដោយផ្ទាល់នៅថ្ងៃអង្គារ ដោយសារតែប្រឈមនឹងរលកកម្តៅនៅក្នុងកម្រិតមួយយ៉ាងខ្ពស់។

ភ្នាក់ងារព្យាករណ៍អាកាសធាតុរដ្ឋ បានរាយការណ៍ថា សីតុណ្ហភាពជាក់ស្តែងក្នុងទីក្រុងម៉ានីលនៅថ្ងៃអង្គារ ទី២ ខែមេសា ស្ថិតនៅក្នុងកម្រិតប្រមាណ ៣៤ អង្សាសេ ប៉ុន្តែសន្ទស្សន៍នៃភាពក្តៅ (feel like) ស្ថិតនៅក្នុងកម្រិតខ្ពស់ប្រហែល ៤២ អង្សាសេនៅថ្ងៃអង្គារ និង ៤៣ អង្សាសេនៅថ្ងៃពុធ ទី៣ ខែមេសា។
សីតុណ្ហភាពក្តៅនៅក្នុងកម្រិតមួយដ៏ខ្ពស់បែបនេះ បានធ្វើឱ្យអាជ្ញាធរចេញបញ្ជាឱ្យសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងខេត្ត Quezon ផ្អាកថ្នាក់រៀន ខណៈសាលារៀន នៅក្នុងតំបន់ផ្សេងទៀត ត្រូវមន្ត្រីមូលដ្ឋានផ្តល់ជម្រើសឱ្យផ្លាស់ប្តូរពីរៀននៅក្នុងថ្នាក់ទៅជាការរៀនពីចម្ងាយ (រៀនតាមអនឡាញ)។ ទន្ទឹមនឹងនេះ សាលារៀនមួយចំនួនបានកាត់បន្ថយម៉ោងរៀន ដើម្បីជៀសវាងពេលវេលាដែលមានកម្រិតកម្តៅក្តៅបំផុត៕

ប្រភព៖ AFP