![]()
ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានផុសវីដេអូរបស់ខ្លួន និងបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងដោយគ្រប់គ្នាស្មានតែនាងជាអ៊ំស្រីវ័យជាង ៥០ឆ្នាំ ផ្ទុយទៅវិញនាងមានអាយុទើបតែ ២៨ឆ្នាំប៉ុណ្ណោះ ជាហេតុនាំឱ្យមានការខ្សឹបខ្សាវលើរូបសម្រស់ស្ត្រីរូបនេះជាខ្លាំង។

ស្ត្រីដែលធ្វើឱ្យគ្រប់គ្នាមានការយល់ច្រលំអាយុរបស់នាងថាជាអ៊ំស្រីនោះមានឈ្មោះ Xia Xia នាងមានចំណង់ចំណូលចិត្តឡើងភ្នំ ហើយនាងបានចាប់ផ្តើមចេញឡើងភ្នំតែម្នាក់ឯងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១មកម្ល៉េះ។ ក្រោយអាយុរបស់នាងត្រូវបានបើកបង្ហាញជាសាធារណៈ និងធ្វើឱ្យមានការខ្សឹបខ្សាវពេញបណ្តាញសង្គមនោះ Xia Xia បានឱ្យដឹងថា នាងមិនខ្វល់ពីការមើលឃើញរបស់អ្នកដទៃមកលើរូបនាងឡើយ សំខាន់នាងពេញចិត្តខ្លួនឯង និងពេញចិត្តរាល់សកម្មភាពដែលនាងធ្វើ ហើយក៏មិនបោះបង់ចោលដែរ។

Xia Xia បានចែករំលែកពីបទពិសោធន៍របស់ខ្លួនថា ការឡើងភ្នំពិតជាធ្វើឱ្យនាងសប្បាយរីករាយជាខ្លាំង និងអាចស្វែងរកអ្វីថ្មីៗបើទោះជាត្រូវលះបង់សម្រស់ក៏ដោយ ហើយការឡើងភ្នំនេះក៏អាចឱ្យនាងរកប្រាក់ចំណូលពីការ Live ផងដែរ ពេលខ្លះនាងបាន Live រយៈពេល ១២ម៉ោងក្នុងមួយថ្ងៃក៏មាន។ ក្រលេកទៅមើលពីប្រាក់ចំណូលដែល Xia Xia រកបានវិញ ជាធម្មតាបានចាប់ពីជាង ២០០ដុល្លារ ដល់ជាង ៣០០ដុល្លារក្នុងមួយខែ ហើយនាងក៏ធ្លាប់រកបានរហូតដល់ជាង ១ពាន់ដុល្លារផងដែរ។

Xia Xia បានបន្ថែមថា ដំណើរឡើងភ្នំរបស់នាងមានភាពរលូនល្អ ហើយចំណុចដែលជាផលវិបាកនោះគឺមានតែ ២ចំណុចប៉ុណ្ណោះ នោះគឺពិបាករកទឹក និងកន្លែងសាកថ្ម៕