
កំពត៖ ទោះជាការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) មិនទាន់រួចរាល់ក៏ដោយ តែអភិបាលខេត្តថានឹងបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ខណៈដែលមន្ទីរជំនាញកំពុងមមាញឹកពន្លឿនការស្ថាបនាផ្លូវឱ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីជំរុញពន្លឿនក្នុងការដាក់ឱ្យប្រើប្រាស់។ ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពនេះ លោកអភិបាលខេត្តបានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាលខេត្តនឹងរៀបចំបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរកម្សាន្តចាប់ពីស្ពានចាស់ រហូតដល់ស្ពានថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ទោះជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់១០០% ក៏ដោយ។

លោកអភិបាលខេត្តបានបន្តថា ឆ្នេរកម្សាន្តមួយនេះជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្ករលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងបាន។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តពន្លឿនក្នុងការស្ថាបនាផ្លូវឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំមកដល់ រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ដើម្បីលម្អនាពេលយប់ឱ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មថ្មី។ ម្យ៉ាងទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត៕

ប្រភព៖ CNC/វង្ស សុធារម្យ