![]()
ហ្វីលីពីន៖ ស្នេហាដែលចាប់ផ្តើមតាំងពីវ័យជំទង់រវាងតារាសម្តែងល្បីឈ្មោះ Kathryn Bernardo និង Daniel Padilla ត្រូវបានចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងគ្នារយៈពេល ១១ឆ្នាំ។ ការចែកផ្លូវគ្នារវាងតារាសម្តែងល្បីឈ្មោះទាំង ២នេះត្រូវបានលេចធ្លាយពាក្យចចាមអារ៉ាមថា ដោយសារ Daniel ផិតក្បត់ Kath ដោយមានទំនាក់ទំនងស្នេហាជាមួយតារាស្រីម្នាក់ដែលធ្លាប់ជាអ្នកគាំទ្រពេញទំហឹងនៃអតីតគូស្នេហ៍មួយនេះ។

ទោះជាយ៉ាងណា គ្រប់យ៉ាងបានបញ្ចប់ទៅដោយសន្តិភាព ហើយអ្នកទាំង ២ក៏នៅតែរក្សាមិត្តភាពនឹងគ្នាដដែល ជាក់ស្តែងនៅថ្ងៃខួបកំណើតរបស់ Kath កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅ Danile ក៏បានផុសជូនពរអតីតគូស្នេហ៍របស់ខ្លួននៅលើបណ្តាញសង្គមផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ជាងពាក្យជូនពររបស់ Danile ទៅទៀតនោះគឺពេល Kath កំពុងញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិ ភ្លាមៗបានលេចវត្តមានតារាប្រុស Alden Richards កាន់ផ្កាមួយបាច់ធំដើរសំដៅមករក Kath នឹងបង្ហាញភាពស្និទ្ធិស្នាលជាមួយគ្នាមើលទៅហាក់លើសពីការរាប់អាន។

ទង្វើដ៏ផ្អែមល្ហែមនេះហើយបានធ្វើឱ្យអ្នកគាំទ្រ Kath ញញឹមបិទមាត់មិនជិតឡើយដោយគ្រប់គ្នានាំគ្នាសន្មត់ថា Kath អាចរកបានអ្នកស្អំបេះដូងហើយ។ បើទោះជាតារាស្រីរូបនេះនៅមិនទាន់បកស្រាយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើនបាននាំគ្នាអបអរទុកជាមុនដោយគ្រប់គ្នាលាន់មាត់ថា នាងសក្តិសមនឹងទទួលបានបុរសល្អម្នាក់មកស្អំបេះដូង។


គួរបញ្ជាក់ដែរថា Kath និង Danile បានបាក់ចិត្តស្រលាញ់គ្នាបន្ទាប់ពីចាប់ដៃគូសម្តែងរឿងជាមួយគ្នារហូតទាក់ទងគ្នាអស់រយៈពេល ១១ឆ្នាំ ប៉ុន្តែនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អ្នកទាំង ២បានប្រកាសចែកផ្លូវគ្នាជាផ្លូវការជាហេតុធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ផងដែរ៕