ជាមួយនឹងកម្តៅក្តៅខ្លាំងអំឡុងរដូវក្តៅនេះ កុមារអាចនឹងចូលចិត្តញ៉ាំអាហារនៅខាងក្រៅ ដែលជារបស់ត្រជាក់ៗ និងអាចចូលចិត្តបើកម៉ាស៊ីនត្រជាក់ជាប់ជាប្រចាំ ឬរត់លេងនៅខាងក្រៅ។ ចំណុចទាំងអស់នេះហើយ អាចនាំឱ្យក្មេងប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដែលប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្ន និងតាមដានឱ្យបានដិតដល់។
តើបញ្ហាសុខភាពអ្វីខ្លះដែលឧស្សាហ៍កើតលើកុមារនៅរដូវក្តៅ?
១. គ្រោះថ្នាក់ដោយសារកម្តៅ
ប្រសិនបើក្មេងរងនូវអាកាសធាតុក្តៅខ្លាំងរយៈពេលយូរនោះ អាអូនអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារកម្តៅ។ បញ្ហានេះ កើតឡើងនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ជាង៤០សង្សាសេ។ ក្នុងករណីដែលកូនគ្រោះថ្នាក់ដោយសារកម្តៅ នោះរាងកាយក្មេងក្តៅខ្លាំងនៅពេលប៉ះ ឬមានអាការគ្រុនក្តៅខ្លាំង ឬស្ងួតអណ្តាត ហើយកុមារអាចនឹងសន្លប់មិនដឹងខ្លួនផងដែរ។
២. រលាកស្បែកដោយកម្តៅថ្ងៃ
ការរត់លេងនៅខាងក្រៅរយៈពេលយូរ អាចនាំឱ្យស្បែកប៉ះពាល់ដោយផ្ទាល់ទៅនឹងកម្តៅថ្ងៃ។ ជាលទ្ធផល ស្បែកនឹងឡើងពណ៌ក្រហម និងប្រែពណ៌ដោយសារកម្តៅថ្ងៃ។
៣. ការលូតលាស់នៃបាក់តេរី
បាក់តេរីលូតលាស់យ៉ាងឆាប់រហ័ស អំឡុងពេលសីតុណ្ហភាពក្តៅ និងសើមក្នុងរដូវក្តៅ ជាហេតុនាំឱ្យអាហារឆាប់ខូច និងបញ្ចេញជាតិពុល ដែលបង្កជាការពុលអាហារ។ ដោយសារតែការរីកលូតលាស់នៃបាក់តេរី កុមារងាយប្រឈមនឹងជំងឺផ្សេងៗដូចជា ជំងឺរលាកក្រពះពោះវៀន ជំងឺរលាកថ្លើមប្រភេទA ឬជំងឺគ្រុនពោះវៀន ។ ក្មេងដែលកើតជំងឺប្រភេទនេះ ច្រើនតែមានអាការចុកពោះ រាករូស ឬគ្រុនក្តៅ។
៤. កង្វះជាតិទឹក
នៅពេលដែលកូនរត់លេងនៅខាងក្រៅ ភាគច្រើនគឺមិនសម្រាកញ៉ាំទឹកទាល់តែសោះ។ ដូច្នេះហើយ ទើបក្មេងអាចនឹងប្រឈមនឹងបញ្ហាខ្សោះជាតិទឹកពីក្នុងរាងកាយ។
៥. សត្វល្អិតទិច ឬខាំ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់ក៏អាចសង្កេតឃើញស្នាមមូស ឬសត្វល្អិតខាំនៅលើស្បែករបស់កូនដូចគ្នា អំឡុងរដូវក្តៅនេះ។
ដូចនេះគន្លឹះជួយឱ្យកូនមិនធ្លាក់ខ្លួនឈឺនៅរដូវក្តៅ ប៉ាម៉ាក់គួរតែ
• ឱ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចៀសបញ្ហាខ្សោះជាតិទឹក
• ឱ្យកូនពាក់ស្លៀកសំលៀកបំពាក់ជិតៗដែលធ្វើពីកប្បាស
• ជៀសវាងឱ្យកូនញ៉ាំអាហារដែលមិនបានចម្អិនត្រឹមត្រូវ
• ឱ្យកូនលាងសម្អាតដៃឱ្យបានញឹកញាប់
• ឱ្យកូនញ៉ាំតែទឹកឆ្អិនល្អ
• ជៀសវាងឱ្យកូនលេងនៅកន្លែងដែលមានដើមឈើច្រើន ដែលជាជង្រុកនៃសត្វល្អិតជាច្រើនប្រភេទ
• លាបក្រែមការពារសត្វល្អិត មុនពេលដែលនាំកូនទៅលេងនៅខាងក្រៅ៕
ប្រភព៖ Hellokrupet
https://hellokrupet.com/%E1%9E%85%E1%9E%B7%E1%9E%89%E1%9F%92%E1%9E%85%E1%9E%B9%E1%9E%98%E1%9E%80%E1%9E%BC%E1%9E%93/%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%80%E1%9E%BB%E1%9E%98%E1%9E%B6%E1%9E%9A/%E1%9E%9A%E1%9F%84%E1%9E%82%E1%9E%9F%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%91%E1%9E%BC%E1%9E%91%E1%9F%85/180303/