
ក្នុងពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ចំនួនរទេះសាឡីគោក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ (គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) ក្នុងនោះមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ហើយជាលទ្ធផល គឺលេខ១គោគូធំ មកពីខេត្តកំពង់ចាម ចំណែកលេខ២ មកពីខេត្តកំពង់ស្ពឺ និងលេខ៣ មកពីរាជធានីភ្នំពេញ។

រីឯលេខ១ស្ទួន គោគូតូច មកពីខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និងលេខ៣ មកពីរាជធានីភ្នំពេញ។ ដោយឡែកនាឆ្នាំនេះ ក៏មានអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណជាងពីរពាន់នាក់ និងមានអ្នកចូលមើលក្នុងហ្វេសប៊ុកផ្លូវការរបស់មន្ទីរមានប្រមាណមួយម៉ឺននាក់។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរឃុំត្រពាំងគង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ។
បើតាមការសិក្សា អំពីប្រវត្តិនៃពិធីនេះ ដើមឡើយ រទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ។ លុះក្រោយមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕
