×

តើគួរត្រៀមរបស់សំខាន់ៗអ្វីខ្លះពេលធ្វើដំណើរកម្សាន្តអំលុងខែក្តៅ?

ធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតមកដល់មែនទែនហើយ ម៉្យាងវិញទៀតបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនក៏មានគម្រោងធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានទីជិតទីឆ្ងាយក្នុងប្រទេសកម្ពុជាយើងផងដែរ។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តក្នុងអំលុងពេលអាកាសធាតុកំពុងក្តៅខ្លាំង យើងគួរត្រៀមរបស់សំខាន់ៗមួយចំនួនដាក់តាមខ្លួនក្នុងនោះមានដូចជា៖


១. ឡេការពារកម្តៅថ្ងៃ៖ ពិតណាស់ កម្តៅថ្ងៃមានឥទ្ធិពលជាខ្លាំងអាចធ្វើឱ្យស្បែករបស់យើងងាយខូច ឡើងជាំ អាចន៍រុយ៍ និងជ្រាវជ្រួញជាដើម។ ដូចនេះគួរមានឡេការពារកម្តៅថ្ងៃដើម្បីលាបរៀងរាល់ ៣ម៉ោងម្តងដើម្បីជួយកាត់បន្ថយបញ្ហាស្បែកខូចខាតដោយសារពន្លឺថ្ងៃ។

២. កង្ហារតូច៖ គួរមានកង្ហារតូចមួយដែលប្រើប្រាស់ថ្មអាចដាក់តាមខ្លួនបានដើម្បីជួយសម្រួលពេលអាកាសធាតុក្តៅ ហប់បាន។

៣. វ៉ែនតាខ្មៅការពារពន្លឺ៖ មានវ៉ែនតាខ្មៅមួយសម្រាប់ពាក់ការពារពន្លឺព្រះអាទិត្យ ជារបស់សំខាន់មួយដែលយើងគួរដាក់តាមខ្លួនអំលុងពេលធ្វើដំណើរកម្សាន្ត ព្រោះវាអាចជួយការពារភ្នែកយើងមិនឱ្យរងផលប៉ះពាល់ដោយសារពន្លឺព្រះអាទិត្យ និងហានិភ័យអាចធ្វើឱ្យជ្រួញត្រង់រង្វង់ភ្នែកផងដែរ។ ម៉្យាងវិញទៀត យើងក៏អាចប្រើប្រាស់វ៉ែនតាខ្មៅដើម្បីបង្កើនសម្រស់ពេលត្រូវថតរូបទៀតផង។

៤. មួក៖ របស់មួយនេះអាចការពារបានទាំងក្បាល ទាំងផ្ទៃមុខរបស់យើងបាន ដែលវាអាចជួយកាត់បន្ថយមិនឱ្យរងឥទ្ធិពលនៃកម្តៅថ្ងៃខ្លាំងពេកនាំឱ្យឈឺក្បាល និងជាំមុខ។

៥៖ កន្សែងត្រជាក់៖ មានកន្សែងត្រជាក់ ពេលធ្វើដំណើរ អាចជួយសម្រួលមិនឱ្យយើងមានអារម្មណ៍ស្អុះស្អាប់បានមួយកម្រិតផងដែរ ព្រោះអាកាសធាតុក្តៅនឹងធ្វើឱ្យយើងហូរញើសស្អិតខ្លួន ដូចនេះយើងអាចប្រើប្រាស់កន្សែងត្រជាក់ដើម្បីផ្តល់អារម្មណ៍ស្រស់ស្រាយឡើងវិញ ប៉ុន្តែត្រូវប្រាកដថា ផលិតផលមិនមានជាតិដែលធ្វើឱ្យប៉ះពាក់ដល់ស្បែករបស់យើងឡើយ។

៦៖ ដបទឹករក្សាសីតុណ្ហភាព៖ ការរក្សាជាតិទឹកក្នុងខ្លួនអំលុងខែក្តៅនេះពិតជាសំខាន់ ដូចនេះគួរមានដបទឹករក្សាសីតុណ្ហភាពមួយតាមខ្លួន ព្រោះនៅពេលអាកាសធាតុក្តៅបែបនេះជឿថា គ្រប់គ្នាប្រាកដជាមានអារម្មណ៍ស្រេកទឹកត្រជាក់ៗមិនខាន ដូចនេះការប្រើប្រាស់ដបទឹករក្សាសីតុណ្ហភាពគឺជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង