
កាលដើមនៃភទ្ទកប្ប មានសេដ្ឋីនាយម្នាក់មានបុត្រម្នាក់ ឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសវិសាល រៀនចេះចប់គម្ពីរត្រៃវេទ តាំងពីអាយុ៧ឆ្នាំមកម្ល៉េះ។ សេដ្ឋីនាយជាបិតាបានសាងប្រាសាទមួយ ឱ្យនៅទៀបដើមជ្រៃមួយដ៏ធំ ក្បែរឆ្នេរទន្លេដែលជាទីនៅនៃបក្សីទាំងឡាយ។ ធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សីទាំងពួងផង ហើយក្លាយជាអាចារ្យសម្ដែងមង្គលផ្សេងៗ ដល់មនុស្សទាំងពួងផង។
គ្រានោះ មនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកបិលមហាព្រហ្មមួយអង្គទៀត ដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ដូចគ្នាដែរ។ ពេលនោះ កបិលមហាព្រហ្មបានជ្រាបព័ត៌មានរឿងធម្មបាលកុមារ ក៏ចុះមកសួរបញ្ហាជាមួយចៅធម្មបាលកុមារ នូវប្រស្នាចំនួន៣ខ ដោយទ្រង់ដាក់លក្ខខណ្ឌថា «បើចៅដោះប្រស្នារបស់យើងបាន យើងនឹងកាត់ព្រះសិរសាបូជាជូនចៅឯង តែបើចៅឯងដោះប្រស្នាយើងមិនរួចទេ ចៅឯងត្រូវកាត់ក្បាលថ្វាយដល់យើងវិញ»។ ធម្មបាលកុមារ ក៏សុំឱ្យពន្យារពេល ចំនួន៧ថ្ងៃសិន ដើម្បីគិតដោះប្រស្នា។
លុះកន្លងទៅ៦ថ្ងៃហើយ ក៏នៅតែគិតមិនឃើញ ចៅធម្មបាលកុមារដឹងខ្លួនថា ព្រឹកស្អែកនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្ម ជាប្រាកដហើយ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាសិនប្រសើរជាង។ គិតហើយ ធម្មបាលកុមារបានចុះពីប្រាសាទ ទៅដេកពួននៅក្រោមដើមត្នោតមួយដើម។ ដើមត្នោតនោះ មានសត្វឥន្ទ្រីញី-ឈ្មោល ធ្វើសំបុកអាស្រ័យនៅ។
វេលាយប់ឥន្ទ្រីញីសួរទៅឥន្ទ្រីឈ្មោលថា៖ «ព្រឹកនេះយើងបានអាហារពីណាស៊ី?» ឥន្ទ្រីឈ្មោលឆ្លើយថា៖ «យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច»។ ឥន្ទ្រីញីសួរទៀតថា៖ «ប្រស្នានោះ ដូចម្តេច?», ឥន្ទ្រីឈ្មោលឆ្លើយថា «ប្រសា្ននោះមាន៣ខ៖ ខទី១ ពេលព្រឹកសិរីសួស្ដីឋិតនៅត្រង់ណា, ខទី២ ពេលថ្ងៃត្រង់សិរីសួស្ដីឋិតនៅត្រង់ណា និង ខទី៣ ពេលល្ងាចសិរីសួស្ដីឋិតនៅត្រង់ណា»។
ឥន្ទ្រីញីសួរទៀត៖ «ចុះសិរីសួស្ដីទាំង៣ពេលនោះ ឋិតនៅត្រង់ណាទៅ?» ឥន្ទ្រីឈ្មោលឆ្លើយ៖ «ខទី១ ពេលព្រឹកសិរីសួស្តីឋិតនៅលើមុខ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកទៅលប់មុខ, ខទី២ ថ្ងៃត្រង់សិរីឋិតនៅលើទ្រូង ហេតុនោះ ទើបមនុស្សត្រូវយកទឹកលាងទ្រូង, ខទី៣ ពេលល្ងាចសិរីស្ថិតនៅលើជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង»។

ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកបិលមហាព្រហ្ម ក៏ចុះមកសួរប្រស្នា ធម្មបាលកុមារក៏ឆ្លើយដោះត្រូវទាំង៣ខ។ តែមុននឹងកាត់ព្រះសិរសាដូចបានសន្យាគ្នា ព្រះកបិលមហាព្រហ្ម បានហៅទេពធីតាទាំង៧អង្គ ដែលជាបាទបរិចាវិកាព្រះឥន្ទ្រ មកប្រាប់ថា៖ «ឥឡូវ បិតាត្រូវកាត់ព្រះសិរសា បូជាជូនធម្មបាលកុមារ តែបើដាក់ព្រះសិរសាបិតា ទៅលើផែនដី នឹងកើតជាភ្លើងឆេះទាំងលោកធាតុ តែបើបោះទៅឰដ៏អាកាស ភ្លៀងនឹងកើតគ្រោះរាំងស្ងួត ហើយបើចោលក្នុងមហាសមុទ្រ ទឹកនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឱ្យបុត្រីទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា»។ ថាហើយក៏កាត់ព្រះសិរសា ហុចទៅឱ្យព្រះនាងទុង្សាទេវី ជាបុត្រីច្បង។
ព្រះនាងទុង្សាទេវី ក៏យកពានទៅទទួលព្រះសិរសារបស់កបិលមហាព្រហ្ម ហើយដង្ហែប្រទក្សិណជុំវិញភ្នំព្រះសុមេរុ ចំនួន ៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ថាន ទុកក្នុងមណ្ឌលក្នុងគុហាគន្ធមាលី នៃភ្នំកៃលាស បូជាគ្រឿងទិព្វផ្សេងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និម្មិតរោងទិព្វដ៏ប្រណីតអមដោយកែវ ៧ពណ៌ ឈ្មោះថា «ភគវតីសភា» ឱ្យជាទីប្រជុំនៃទេវតា លុះដល់គម្រប់១ឆ្នាំជាសង្ក្រាន្ត ទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាកុបិលមហាព្រហ្ម ចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរ រៀងរាល់ៗឆ្នាំ ហើយត្រឡប់ទៅឋានទេវលោកវិញ។

ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ៖
បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ព្រះនាងទុង្សាទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (គ្រឿងសោយ) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។
បើថ្ងៃចន្ទ ទេពធីតាព្រះនាម «ព្រះនាងគោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវមុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ឌ្គ ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។
បើថ្ងៃអង្គារ ទេពធីតាព្រះនាម «ព្រះនាងរាគសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរ៉ា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។
បើថ្ងៃពុធ ទេពធីតាព្រះនាម «ព្រះនាងមណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។
បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម (ព្រះនាងកិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។
បើថ្ងៃសុក្រ ទេពធីតាព្រះនាម «ព្រះនាងកិមិរាទេវី» សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ឌ្គ ឆ្វេងពិណ ពាហនៈសត្វក្របី។
បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «ព្រះនាងមហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ (ជាម្រឹគពពួកសត្វឈ្លូស) អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។

ព្រះនាងមហោទរាទេវី ទ្រង់គង់លើ សត្វក្ងោកឈ្មោលជាយានជំនិះ ប្រើឯកសណ្ឋានពណ៌ខៀវ ដៃស្ដាំកាន់កងចក្រ័ ដៃឆ្វេងកាន់ត្រីសូល៍ (លំពែង)។ ថ្ងៃសៅរ៍ ទី១៣ ខែមេសា នាវេលាម៉ោង ១០:២៤នាទីយប់ ដែលជាថ្ងៃបុណ្យចូលឆ្នាំ ព្រះនាងនឹងយាងចុះមកកាន់ជម្ពូទ្វីប ភពផែនដីដោយនាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយ។
គ្រឿងរណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរៀនទេវតាមួយនៅខាងមុខផ្ទះសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ហើយត្រូវរៀបក្រាលសំពត់ពណ៌ស និងរៀបចំគ្រឿងសក្ការបូជាទេវតា មានដូចជា បាសី ៩ថ្នាក់មួយគូ បាសី៧ ថ្នាក់មួយគូ បាសី៥ ថ្នាក់មួយគូ បាសី៣ ថ្នាក់មួយគូ បាសីបច្ចាបមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូក៥ លាច៥ ផ្កា៥ ដោយដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១ មុខ ត្រូវរៀបដាក់ជើងពាន១១គូ ដូងមួយគូ និងទឹកស្អាត ២កែវ៕
