×

ល្បែងប្រជាប្រិយភាពដែលបង្កើនភាពសប្បាយរីករាយអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមទម្លាប់គឺបងប្អូនខ្មែរយើងមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ បាននាំគ្នាស្លៀកពាក់យ៉ាងសមសួនដើម្បីរៀបចំចង្ហាន់យកទៅវត្ត ពូនភ្នំខ្សាច់ ស្រង់ព្រះ និងរៀបរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី។ ក្រៅពីការគោរពប្រតិបត្តិទៅតាមទម្លាប់ដែលបន្សល់ទុកពីដូនតាមកហើយបានចប់សព្វគ្រប់ហើយនោះ អ្វីដែលធ្វើឱ្យបងប្អូនខ្មែរនាំគ្នាញ៉ាំបរិយាកាសថ្ងៃចូលឆ្នាំឱ្យកាន់តែសប្បាយរីករាយជាងនេះទៅទៀតនោះគឺការលេងល្បែងប្រជាប្រិយខ្មែរ។

ក្រៅពីភាពពេញនិយមនៃការលេងជះទឹក និងប៉ាតម្សៅនាពេលបច្ចុប្បន្ននេះហើយ ក្រលេកទៅមើលល្បែងប្រជាប្រិយខ្មែរយើងជាច្រើនផ្សេងទៀតក៏បានបង្កើនបរិយាកាសឱ្យមានភាពអ៊ូអរគួរឱ្យចាប់អារម្មណ៍ផងដែរ ក្នុងនោះមានដូចជា៖

• ល្បែងស្ដេចចង់ មានន័យថា អ្នកធ្វើស្ដេចមិនត្រូវមានចិត្តលំអៀងនោះទេ គេចែកក្រុមលេងជា២ផ្នែក ប្រុស និងស្រី ដែលជ្រើសយកចំនួនគូឱ្យឈរម្ខាងគ្នា ហើយស្ដេចចង់ត្រូវអង្គុយកណ្ដាល ក្រុមស្រីត្រូវឡើងមកខ្សឹបប្រាប់ស្ដេចជាមុននៃការស្រលាញ់ទៅកាន់ក្រុមប្រុស ហើយក្រុមប្រុសត្រូវឡើងខ្សឹបបន្ត កាលណាពួកគេខ្សឹបការស្រលាញ់ឈ្មោះដូចគ្នា ស្ដេចចង់និងស្រែកថា អៀវ ដែលតម្រូវឱ្យអ្នកខ្សឹបលើកទី២ នៃគូរទី១ ត្រូវអៀវដៃគូរបស់គេទៅម្ខាងទៀត គេធ្វើការចូលខ្សឹបឆ្លាស់គ្នាទៅវិញទៅមករហូតដល់រកឃើញអ្នកឈ្នះនៃគូចុងក្រោយ។ ភាគីដែលចាញ់ ត្រូវចូលមកអៀវភាគគីដែលឈ្នះទាំងអស់ព្រមគ្នា ទៅផ្នែកម្ខាងទៀតនៃទីរបស់ខ្លួនដែលចាញ់ អ្នកដែលត្រូវបានគេអៀវ និងស្រែកបន្តថាអៀវៗ អៀវៗ រហូតដលទីនៃភាគីខាងចាញ់ ទើបសន្មតថាបញ្ចប់ល្បែង។

• ល្បែងចោលឈូង មានន័យថា ល្បែងផ្សងគូ គេចែកក្រុមលេងជា២ផ្នែក ប្រុស និង ស្រី ដែលជ្រើសយកចំនួនគូ ឱ្យឈរម្ខាងគ្នា ដែលឃ្លាតពីគ្នាទាំងសងខាងប្រហែល ៨ ទៅ ១០ ម៉ែត្រ គេយកក្រមា ឬ កន្សែងមកឆ្នូលឱ្យមូលចងរឹតឱ្យតឹងណែនល្អ ទុកឱ្យមានកន្ទុយបន្ដិចហៅថា «ឈូង» សម្រាប់កាន់បោះ ឬ ចោលទៅមករកគ្នា ។ ការលេងល្បែងចោលឈូងមាន ២បែប ទី១ហៅថា “ឈូងច្រៀងរាំ” ដែលតម្រូវឱ្យខាងប្រុស ឬ ខាងស្រី ច្រៀងនូវឃ្លាបោះឈូង ប្រកបដោយពាក្យចុងជួន (ស្រៈ ា ិ ី ុ អូ -ល-) រួចហើយគេលេបខាយពាក្យជួននោះទៅលើខាងប្រុស រួចគេពោលថា ចាំទទួលឈូងអូន ឬ ឈូងបង នៅពេលដែលខាងប្រុស ឬ ខាងស្រីចាប់បាននូវឈូងនោះ គេនឹងចោលឈូងនោះទៅរកនរណាម្នាក់។ បើចោលខុសចាត់ទុកជាឈូងស្អុយ បើចោលត្រូវម្នាក់ណាហើយត្រូវចាត់ទុកជាគូដែលគេផ្សង ដែលម្នាក់នោះត្រូវច្រៀងផងរាំផង យកឈូងនោះមកឱ្យភាគីដែលបានចោលត្រូវនេះ ដែលគេសន្មតហៅថា ច្រៀងរាំជូនឈូង ហើយអ្នកដែលមិនត្រូវបានគេចោលឈូងត្រូវមិនចាំបាច់ ច្រៀងរាំយកឈូងមកនោះទេ ។

បែប ទី២ហៅថា “ឈូងលោះខ្ញុំ” លេងដូចឈូងបែបទី១ដែរ ខុសត្រង់ ភាគីដែលចោលឈូងត្រូវនរណាម្នាក់នៃភាគីម្ខាងទៀត ត្រូវចាប់យកម្នាក់នោះមកឃាត់ទុក រួចតម្រូវឱ្យភាគីម្ខាងទៀតចោលឈូងដើម្បីលោះគ្នីគ្នាមកវិញ បើភាគីម្ខាងទៀតមិនអាចលោះគ្នីគ្នារបស់ខ្លួនមកវិញបានទេ និង ត្រូវចាត់ទុកថាចាញ់ ហើយអ្នកដែលត្រូវបានគេឃាត់ទុកតម្រូវឱ្យចងបិទភ្នែក រួចព្រលែងឱ្យដេញចាប់ភាគីដែលជាអ្នកឈ្នះ បើចាប់បានសមាជិកណាម្នាក់ក្នុងពេលកំពុងចងបិទភ្នែក នោះនិងត្រូវបានរួចខ្លួន ហើយសន្មតថាបញ្ចប់ល្បែង ។

• ល្បែងខ្លែងចាប់កូនមាន់ មានន័យថា ល្បែងការពារសមាជិក គេចាត់ម្នាក់ដែលមានមាឌធំឡើងធ្វើជាមេហ្វូងហៅថា “មេមាន់” សមាជិកជាច្រើនចាត់ធ្វើកូនមាន់ ហើយចាត់ម្នាក់ទៀតឱ្យធ្វើជាខ្លែងចាំចាប់កូនមាន់។ ម្នាក់ៗត្រូវចងក្រម៉ាក្រវ៉ាត់ចង្កេះឱ្យតឹងណែនដើម្បីការពារកុំឱ្យរបូតសម្លៀកបំពាក់ គេត្រូវយកឈើមកគងលើគ្នា រួចឧបកិច្ចថា ភ្នក់ភ្លើង រួចមេមាន់ប្រាប់ឱ្យកូនមាន់តោងចង្កេះបន្តគ្នាជាជួរ រួចដើរក្រវែលៗជុំវិញ ទៅលេបខាយចំអកឱ្យអ្នកតាងជាសត្វខ្លែងថា៖

ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉កកូនអញតែមួយ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ទៀន១គូតាំងយូបាំងព្រះ វារៈបីដងដល់ផ្ទះតានៅ ឬ ដល់ផ្ទះដូននៅ ? បន្ទាប់មកមេមាន់ស្រែកប្រាប់ថាដល់ហើយ មកដល់មុខខ្លែង មេមាន់សួរថា តាៗសុំភ្លើង ឬ ដូនៗសុំភ្លើង ខ្លែងសួរថា យកធ្វើអី យកមកដុតខ្យង ឱ្យតាស៊ីផងយកសំបក បើតាមិនស៊ីហើយចាប់កូនមុខ ឪពុកមិនឱ្យចាប់បានកូនក្រោយសូមតា ឬដូនយកចុះ។

រួចខ្លែងត្រូវយកដុំឈើឱ្យមេមាន់ បោះរមៀលខាងក្រោមប្រឡោះជួរជើង បើត្រូវសមាជិកណាម្នាក់ត្រូវដកហូតយកចុះ រួចមេមាន់ត្រូវដើរ ក្រវែលម្ដងទៀត ហើយប្ដូរចម្រៀងថា ចាប់កូនខ្លែងប្រឡែងកូនមាន់ បើមេមកទាន់យកកូនទៅលាក់ លាក់ឯណាលាក់ក្បាលដំណេក ភ្ញាក់ពីដេកវាយកូនទូងតាំង វារៈបីដងដល់ផ្ទះតានៅ ឬ ដល់ផ្ទះដូននៅ?

ក្នុងការសុំភ្លើងដដែល បើសិនជាដុំឈើនៅតែរមៀលត្រូវកូនមាន់ ខ្លែងនៅតែមានសិទ្ធដកសមាជិករហូតដល់អស់ បើដុំឈើមិនរមៀលត្រូវទេ ខ្លែងត្រូវចេញមកឆាបកូនមាន់ កាលណាខ្លែងចាប់បានសមាជិកណាមួយដែលបានបែកចេញពីជួរ កូនមាន់ដែលចាប់បានក្ដី កូនមាន់ដែលឃាត់ទុកក្ដី នោះត្រូវខ្លែងដាក់ទោស ឱ្យដើរដំណើរសត្វផ្សេងៗ ជុំវិញខ្លែងចំនួន៣ជុំ ហើយត្រូវសន្មតថាបញ្ចប់ល្បែង ។


• ល្បែងលាក់កន្សែង មានន័យថា ល្បែងរវាសរវៃ គេបបួលគ្នាពី ៦ ទៅ ១២នាក់ ឬ ច្រើនជាងនេះ រួចគេឱ្យអង្គុយចោងហោងជាកងរង្វង់ នាក់អង្គុយត្រូវដាក់ដៃម្ខាង ឆ្វេង ឬ ស្ដាំ បោះមកខាងក្រោយ។ ទើបគេយកកន្សែង មកបត់ជាពីរពួតធ្វើជារំព័ត បន្ទាប់មកគេចាត់អ្នកលេងម្នាក់ ត្រូវកាន់លាក់កន្សែងនេះ ដើរជារង្វង់ពីក្រោយដោយស្រែកច្រៀងពោលថា លាក់កន្សែង ឆ្មាខាំកែងអូសលោងៗ គេលាក់បណ្ដើរ ច្រៀងបណ្ដើរ ហើយក្រឡេកទៅមើលអ្នកអង្គុយ បើមានអ្នកណាម្នាក់ ងៀកក្រោយលួយមើល ត្រូវចាប់បានគេនិងពិន័យ ដោយដាក់ឱ្យអង្គុយនៅកណ្ដាលវង់មិនឱ្យកាន់កន្សែងចំនួន ៣ លើក។ រួចហើយគេលាក់ទៅឱ្យអ្នកអង្គុយម្នាក់នៅក្នុងដៃ អ្នកអង្គុយនោះត្រូវដេញវាយអ្នកអង្គុយបន្ទាប់ដែលមិនដឹងខ្លួននិងមិនបានត្រៀមជាមុន ឱ្យរត់ព័ទ្ធមួយជុំមកទីអង្គុយរបស់ខ្លួនវិញទើបរួចខ្លួន ទើបគេបន្តបែបនេះរហូតដល់គ្រប់សមាជិកដែលបានលេងទើបសន្មតថាបញ្ចប់ល្បែង។

ទាំងនេះគឺជាល្បែងប្រជាប្រិយភាពដ៏ពេញនិយម ប៉ុន្តែនៅមានល្បែងប្រជាប្រិយខ្មែរជាច្រើនទៀតដែលបងប្អូនខ្មែរនិយមលេងទៅតាមតំបន់ដែលពួកគេពេញនិយម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង