×

Mac Wang ធ្វើឱ្យអ្នកគាំទ្រច្រលំព្រោះមុខស្រដៀងតារាប្រុស Naphat ខ្លាំងពេក

ថៃ៖ គូស្នេហ៍ថ្មីរបស់តារាស្រី Vill Wannarot ដែលជាតារាសម្តែងប្រុស Mac Wang បានធ្វើឱ្យអ្នកគាំទ្រមួយចំនួននាំគ្នាច្រលំស្មានតែជាតារាប្រុស Naphat ដោយសារក្រលេកមើលមួយភ្លែត អ្នកទាំង ២ពិតជាមានមុខស្រដៀងគ្នាជាខ្លាំង។

Mac Wang គឺជាតារាសម្តែងមួយរូប ថែមទាំងជាអ្នកជំនួញវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើនមហាសាលផងដែរ។ តាំងពីមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Vill មក ជីវិតរបស់តារាប្រុសស្រីទាំង ២នេះប្រៀបដូចសួនផ្ការីកស្គុសស្គាយ ដែលជារឿយៗពួកគេបានបង្ហាញភាពផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមនឹងកំពុងសោយសុខនឹងជីវិតពណ៌ផ្កាឈូកបែបនេះ ធ្វើឱ្យអ្នកគាំទ្រធ្វើការប្រៀបធៀបក្តីស្រលាញ់រវាង Mac Wang និង Jes ផ្តល់ឱ្យ Vill ពិតជាមានភាពខុសគ្នាស្រលះ។ ពួកគេបានលើកឡើងថា កាលមានទំនាក់ទំនងជាមួយ Jes តារាប្រុសរូបនេះមិនសូវបង្ហាញក្តីស្រលាញ់ដល់ Vill ប៉ុន្មានឡើយ ប៉ុន្តែសម្រាប់គូស្នេហ៍ក្រោយនេះវិញបានបង្ហាញទង្វើយកចិត្តទុកដាក់លើ Vill ជាខ្លាំង ជាហេតុនាំឱ្យគ្រប់គ្នារីករាយដែលតារាស្រីរូបនេះអាចរកបានអ្នកស្អំបេះដូងដ៏ល្អបែបនេះ។

ទោះជាយ៉ាងណា ក៏មានមតិមួយចំនួនបានលើកឡើងថា ដោយសារអ្នកទាំង ២ទើបចាប់ផ្តើមស្រលាញ់គ្នាទើបស្នេហាពោរពេញដោយភាពផ្អែមល្ហែមបែបនេះ ព្រោះមើលមិនឃើញឡើយថានៅពេលខាងមុខអាចនឹងមានរឿងអ្វីកើតឡើងបន្ត ខណៈគូស្នេហ៍ដែលរៀបការជាមួយគ្នារាប់ឆ្នាំក៏អាចបែកគ្នាបានដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង