ភ្នំពេញ៖ ជារឿយៗអ្នកគាំទ្ររបស់តារាស្រីជំនាន់ក្រោយ រ៉ូហ្សា ប្រាកដជាបានទស្សនាតារាស្រីរូបនេះសម្តែងក្នុងរឿងភាគបុរាណហើយដែលរឿងដំបូងរបស់ រ៉ូហ្សា គឺជារឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” របស់ CTN ដែលរូបសម្រស់ស្រស់ស្រទន់ ស្រគត់ស្រគំរបស់នាងពិតជាសក្តិសមជាមួយសាច់រឿងជាខ្លាំង។ ភាពស្រស់ស្អាត និងទេពកោសល្យរបស់តារាសម្តែងស្រីរូបនេះបានឆក់យកបេះដូងអ្នកគាំទ្រត្រឹមរយៈពេលខ្លីបំផុត។
តែពេលនេះ រ៉ូហ្សា ទទួលបានឱកាសជាមួយការសម្តែងរសជាតិថ្មីមួយក្នុងកម្មវិធី “តោះ! រៀនភាសា” នៅ MyTV ដែលជាកម្មវិធីកំប្លែងមួយតែងញ៉ាំបរិយាកាសក្នុងថ្នាក់ឱ្យមានភាពសប្បាយរីករាយពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ជាមួយនឹងសប្តាហ៍ដំបូងនៃកម្មវិធី រ៉ូហ្សា បានលេចវត្តមានជាសិស្សម្នាក់ដែលមានការអៀនប្រៀនច្រើន និងខ្លាចមនុស្សមិនហ៊ានសូម្បីឈរក្បែរ ប៉ុន្តែនៅពេលណែនាំខ្លួន មួយម៉ាត់ៗបង្កប់ទៅដោយរឿងហួសចិត្តរហូតដល់សិស្សប្រុសទាំង ៣ក្នុងថ្នាក់រកពាក្យនឹងនិយាយលែងបាន។
សម្រាប់កម្មវិធី “តោះ! រៀនភាសា” រដូវកាលថ្មីនេះមិនមែនមានតែ រ៉ូហ្សា ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែនៅមានតារាស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ទៀតគឺ សូរិយា ដែលអ្នកតាមដានរឿងខ្មែរប្រាកដជាធ្លាប់ឃើញការសម្តែងរបស់នាងក្នុងរឿង “និស្ស័យស្នេហ៍បេះដូង៤” ហើយថា តារាស្រីរូបនេះមានទេពកោសល្យប៉ុណ្ណា។
ជាមួយនឹងរដូវកាលថ្មីនេះ រ៉ូហ្សា នឹង សូរិយា បានព្រួតដៃគ្នាក្រឡុកថ្នាក់រៀនដែលមានអ្នកគ្រូ ល័ក្ខ និងរៀមច្បង ៣រូបទៀតតែងបង្កើនភាពកំប្លុកកំប្លែងទស្សនាហើយមិនចេះជិនណាយឡើយពីកម្មវិធី។ គួរបញ្ជាក់ដែរថា កម្មវិធី “តោះ! រៀនភាសា” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ៨យប់នៅ MyTV។ ចង់ដឹងថា រ៉ូហ្សា ណែនាំខ្លួនបែបណាទើបធ្វើឱ្យសិស្សប្រុសប្រចាំថ្នាក់ទាំង ៣នាំគ្នាគាំងបែបនេះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕