×

“កូនក្រមុំកែមុខ” សាច់រឿងដែលតួប្រុសពោរពេញដោយគំនុំក្រោយសង្ស័យប្រពន្ធបានសម្លា ប់ឪពុករបស់ខ្លួន

ភ្នំពេញ៖ ពីនារីដ៏ស្លូតបូតម្នាក់ នៅសុខៗ អមរា បែរក្លាយជាជនរងគ្រោះដោយសារស្នាដៃ ឆដា បានយកនាងទៅកែមុខឱ្យដូចនាងបេះដាក់ដើម្បីទទួលទោសជំនួសនាងពីបទសម្លាប់ឪពុកក្មេក។ ឆដា គឺជាប្រពន្ធ និងជាកូនប្រសារដែលមានចិត្តត្រជាក់បំផុត នាងហ៊ានធ្វើគ្រប់សព្វបែបយ៉ាងឱ្យតែទទួលបានផលប្រយោជន៍ពីក្នុងគ្រួសាររបស់ វិទ្យា ប៉ុន្តែការស្លាប់របស់ឪពុកតួប្រុសរូបនេះមិនអាចធ្វើឱ្យលោកនៅស្ងៀមបានឡើយ ពោលលោកបានខំប្រឹងរកព័ស្តុតាងដើម្បីចាប់ ឆដា ចូលគុកឱ្យបាន។

ដោយសារជាមនុស្សស្រីមានល្បិចកិចកលខ្ពស់ ឆដា មិនសំងំឱ្យគេចាប់នាងចូលគុកងាយៗឡើយ នាងបាននឹកឃើញយកនារីស្លូតបូតម្នាក់ឈ្មោះ អមរា ដែលបាត់ការចងចាំទៅកែមុខឱ្យដូចនាង និងបញ្ជូននាងទៅរស់នៅក្នុងគ្រួសាររបស់ វិទ្យា។ ទោះជាយ៉ាងណា ការស្លាប់របស់ឪពុក វិទ្យា មិនមានព័ស្តុតាងអាចចោទប្រកាន់ទៅលើ ឆដា បានឡើយ អ៊ីចឹងហើយទើបការក្លែងខ្លួនរបស់ អមរា នៅក្នុងផ្ទះបានត្រឹមធ្វើឱ្យគ្រប់គ្នាបានត្រឹមសង្ស័យប៉ុណ្ណោះ។

ទំហំចិត្តរបស់ វិទ្យា ដែលស្អប់ ឆដា ត្រូវធ្លាក់លើ អមរា ជាអ្នករងជំនួសគ្រប់សព្វបែបយ៉ាងមិនថាក្រសែភ្នែកដែលមនុស្សក្នុងផ្ទះសម្លឹងទៅនាងឡើយ ថែមទាំងត្រូវរងការធ្វើបាបពី វិទ្យា រហូតត្រូវស្រក់ទឹកភ្នែករកសេចក្តីសុខមិនឃើញ។ ចង់ដឹងថា រឿងហេតុយ៉ាងណាទើប ឆដា បានរៀបការជាមួយ វិទ្យា និងមានបំណងអ្វីទើបបណ្តាលឱ្យ ឆដា ហ៊ានសម្លាប់ឪពុកក្មេករបស់ខ្លួនបែបនេះ កុំភ្លេចរង់ចាំទស្សនារឿង “កូនក្រមុំកែមុខ” ទាំងអស់គ្នាដែលមានផ្សាយជូនទស្សនាចាប់ពីយប់នេះតទៅនៅ MyTV រៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ៧យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង