
ក្រុមហ៊ុនរថភ្លើង Royal Railway ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មរថភ្លើង និងចរាចរផ្លូវដែកនៅកម្ពុជា បានប្រកាសថារថភ្លើងសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ដែលមានឈ្មោះថា “Kiha 183 Heavy Snow” ទាំង ១១គ្រឿង ដែលបានបញ្ជាទិញពីប្រទេសជប៉ុន បានមកដល់កម្ពុជាដោយជោគជ័យហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ទូរថភ្លើងទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុ និងផ្តល់ជូននូវការធ្វើដំណើរយ៉ាងរលូន ប្រកបដោយផាសុកភាពជាមួយនឹងល្បឿនអតិបរមា១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការនាំចូលនៃទូរថភ្លើងថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការវិនិយោគដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់ អភិវឌ្ឍបន្ថែម ព្រមទាំងបង្កើនភាពងាយស្រួលដល់អតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មរថភ្លើងនៅកម្ពុជា។
លោក John Guiry នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Railway បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ ”យើងរីករាយក្នុងការស្វាគមន៍សមាជិកថ្មី គឺទូរថភ្លើង Kiha 183 Heavy Snow នេះមកកាន់កម្ពុជា។ ការនាំចូលនៃសមាជិកទូរថភ្លើងថ្មីនេះ គឺជាការបញ្ជាក់ឱ្យឃើញមួយពីការយកចិត្តទុកដាក់់របស់យើង ក្នុងការផ្តល់ជូនអតិថិជនដែលធ្វើដំណើរតាមរថភ្លើងទាំងអស់ ឱ្យទទួលបាននូវបទពិសោធន៍ក្នុងការធ្វើដំណើរប្រកបដោយ សុវត្ថិភាព គួរឱ្យទុកចិត្ត ដោយភាពសប្បាយរីករាយ ព្រមទាំងទទួលបាននូវផាសុកភាពកំឡុងពេលធ្វើដំណើរ។
គួរបញ្ជាក់ផងដែរថា ទូរថភ្លើងដែលយើងនាំចូលមកនេះគឺអាចហៅបានថាជារថភ្លើងបែប Limited Express នៅប្រទេសជប៉ុន ដែលវាមានលក្ខណៈពិសេសត្រូវបានរចនាឡើង ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកដំណើរ រួមមានទាំងកន្លែងអង្គុយប្រកបដោយផាសុកភាព ល្បឿននៃការធ្វើដំណើរលឿនជាងមុន ទំនើបជាងមុន ព្រមទាំងផ្តោតលើប្រព័ន្ធសុវត្ថិភាពល្អជាងមុនផងដែរ”។
ការមកដល់នៃទូរភ្លើងទាំងនេះ បានបង្ហាញពីការអភិវឌ្ឍមួយសម្រាប់ក្រុមហ៊ុន Royal Railway និងវិស័យផ្លូវដែកនៅកម្ពុជា។ ការអភិវឌ្ឍថ្មីនេះ នឹងនាំឱ្យក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើតបន្ថែមនៃខ្សែផ្លូវដែកតភ្ជាប់ទៅខេត្តផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឆ្លើយយបទៅនឹងតម្រូវការនៃអតិថិជន សម្រាប់ការធ្វើដំណើរតាមរថភ្លើងក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Royal Railway មានការជឿជាក់ថាការបន្ថែមនៃទូរថភ្លើងថ្មីនេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការមធ្យោបាយធ្វើដំណើរតាមផ្លូវដែក ឱ្យទទួលបាននូវសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពក្នុងការធ្វើដំណើរទៅកាន់តំបន់ ឬខេត្តនានាក្នុងប្រទេសកម្ពុជា៕
