![]()
អាមេរិក៖ ប្រវត្តិស្នេហារវាងរាស្ត្រសាមញ្ញ និងព្រះនាងជប៉ុនប្រៀបដូចក្នុងរឿងព្រេង បានធ្វើឱ្យមហាជនមួយចំនួនគាំទ្រដោយក្តីរំភើប និងខ្លះទៀតប្រឆាំងដាច់អហង្ការមិនព្រមឱ្យអតីតព្រះនាងជប៉ុន Mako លះបង់ឋានៈរបស់ខ្លួនដើម្បីធ្វើជារាស្ត្រសាមញ្ញទៅរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ឡើយ។

យ៉ាងណាមិញ ភាពមិនពេញចិត្តរបស់មនុស្សជុំវិញខ្លួនដែលបានរារាំង Mako មិនឱ្យលះបង់ឋានៈខ្ពង់ខ្ពស់របស់ខ្លួនដើម្បីទៅរៀបការជាមួយ Kei Komuro មិនមែនជាឧបសគ្គឡើយ ទីបំផុតការសម្រេចចិត្តដ៏ធំក្នុងជីវិត Mako និង Komuro ត្រូវបានអ្នកទាំង ២ចាប់ដៃគ្នាក្លាយជាប្តីប្រពន្ធកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ និងនាំគ្នាទៅរស់នៅសហរដ្ឋអាមេរិកបន្ទាប់ពីរៀបការរួច។

ជីវិតរបស់ Mako ត្រូវបានគ្រប់គ្នាចង់ដឹងចង់ឭជានិច្ចថាតើ Komuro អាចមើលថែនាងបានល្អដែរឬទេ។ យ៉ាងណាមិញ ជីវិតរស់នៅលើទឹកដីសហរដ្ឋអាមេរិកនេះដែរ Komuro បានព្យាយាមប្រលងធ្វើមេធាវីនៅទីនោះប៉ុន្តែត្រូវបានធ្លាក់ចំនួន ២ដងខណៈឱកាសដែលលោកទទួលបានគឺមានត្រឹមតែ ៣ដងប៉ុណ្ណោះ ហើយការធ្លាក់ចំនួន ២ដងកន្លងមកបានធ្វើឱ្យប្រជាជនជប៉ុននាំគ្នារឹតតែបារម្ភពីសុខទុក្ខរបស់ Mako ខ្លាំងឡើង។

ទោះបីជាយ៉ាងណា ការប្រលងមេធាវីលើកទី ៣ទីបំផុត Komuro ក៏ទទួលបានជោគជ័យក្នុងឱកាសចុងក្រោយនេះ។ ពេលនេះជីវិតរស់នៅរបស់អ្នកទាំង ២មានភាពស្ងប់ស្ងាត់ និងសាមញ្ញជាខ្លាំងដោយ Komuro ធ្វើការរបស់លោកជាមេធាវី រីឯ Mako ក៏បានធ្វើការរបស់នាងនៅសារមន្ទីរផងដែរ៕