×

រកឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ជាង ១០០បំណែកនៅប្រាសាទតាព្រហ្ម

កាលពីពេលថ្មីៗ អាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ពេលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ។

បំណែកព្រះពុទ្ធបដិមាដែលត្រូវបានប្រទះឃើញរួមមាន រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើង។

បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា នៅពេលក្រុមការងារ បានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូងនៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។

លោកស្រី ស៊ីមន បានបន្តថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។

រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។

បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។
ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។ បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង