![]()
ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដូចនេះ ដើម្បីថែរក្សាសុខភាព និងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវទទួលទាន ទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្តៅ) ទឹកបរិសុទ្ធ ទឹកចម្រុះ ទឹកស្អាត ឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ។

ទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេកទឹកក៏ដោយ ពិសេសត្រូវតាមដានទឹកនោមដោយមិនត្រូវបណ្តោយឱ្យទឹកនោមឡើងពណ៌លឿងចាស់នោះទេ។ ក្រសួងអប់រំ បានបញ្ជាក់ថា ត្រូវទទួលទានបន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃ និងជាតិទឹកឱ្យបានញឹកញាប់ ហើយត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀកបំពាក់រលុងស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។

ទន្ទឹមនឹងនេះ ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាតជាប់ជាប្រចាំ
ប្រើកន្សែងសើមជូតមុខដាក់ព័ទ្ធជុំវិញក ប្រសិនបើមានអារម្មណ៍ថាក្តៅខ្លាំងពេក ហើយអំឡុងពេល មានកម្ដៅខ្លាំងត្រូវប្រើមធ្យោបាយផ្សេងៗដើម្បីបន្ថយកម្ដៅដូចជាផ្លិតជាដើម។ ម្យ៉ាងវិញទៀតត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពប្រចាំថ្ងៃឱ្យបានត្រឹមត្រូវសម្របទៅនឹងការប្រែប្រួលអាកាសធាតុ និងត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដោយគ្របឱ្យជិតដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺគ្រុនឈាម។

ជាមួយគ្នានេះ ក្រសួងអប់រំ បានលើកឡើងថា ប្រសិនបើមានរោគសញ្ញាដូចជាវិលមុខ ចង្អោរ ឬកួត ឈឺក្បាល មាត់ស្ងួត រមូលសាច់ដុំ ជារោគ សញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងសម្រាកពី២ ទៅ៥ នាទី ហើយពិសាទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាពព្រោះអាចមានហានិភ័យខ្ពស់។
ប្រសិនបើមិនមានអារម្មណ៍ធូរស្រាល និងមានអាការដូចជា ក្តៅខ្លួនខ្លាំង វិលមុខ ដកដង្ហើមញាប់ រាក រលាកស្បែក ក្អក រលាកឈឺបំពង់ក ត្រូវស្វែងរកការព្យាបាលភ្លាមនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។ ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាពដែលបណ្តាលមកពីការឡើងកម្ដៅ សូមរាយការណ៍និងស្វែងរកសេវាសុខភាពនៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធ នៅតាមមូលដ្ឋាន របស់ខ្លួន ឬទំនាក់ទំនងទៅលេខ១១៥ ដើម្បីមានវិធានការដោះស្រាយជាបន្ទាន់។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ ក៏បានបញ្ជាក់ដែរថា ប្រការគួរចៀសវាងអំឡុងពេលអាកាសធាតុក្តៅខ្លាំង
ត្រូវចៀសវាងពិសាភេសជ្ជៈដែលបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា ពិសាគ្រឿង ស្រវឹង ជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើន ជាតិអំបិលច្រើនហើយចៀសវាងការធ្វើសកម្មភាពហាត់ប្រាណ ឬការលេងកីឡានៅក្រោមកម្ដៅថ្ងៃខ្លាំង និងត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក ផ្ទុយមកវិញត្រូវ ទទួលទានម្ហូបអាហារណាដែលមានអំបិលតិច ផ្អែមតិច និងខ្លាញ់តិច៕