×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី បានប្តេជ្ញាដឹកនាំសមាគមនេះឱ្យបានកាន់តែល្អប្រសើរ ទាន់សម័យ និងរក្សាបាននូវវប្បធម៌សិល្បករខ្មែរឱ្យបាននៅជានិរន្តន៍

ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទើបជាប់ឆ្នោតប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ បានប្តេជ្ញាដឹកនាំសមាគមនេះ ឱ្យបានកាន់តែល្អប្រសើរ ទាន់សម័យ និងរក្សាបាននូវវប្បធម៌សិល្បករខ្មែរឱ្យបាននៅជានិរន្តន៍។

ថ្លែងនៅចំពោះមុខលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករខ្មែរជាង ៦០០នាក់, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រសាសន៍ថា “ ខ្ញុំ នឹងទទួលយកនូវមតិក្នុងន័យស្ថាបនាពីគ្រប់សមាជិកសមាគមទាំងអស់ ប៉ុន្តែនាងខ្ញុំសុំទោសជាមុន ហើយសូមឱ្យមានការប្រុងប្រយ័ត្នផងដែរចំពោះការបញ្ចេញមតិយោបល់លើការប្រើប្រាស់រូបភាពមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌ជាអ្នកសិល្បៈ ដែលមានការគោរពស្រលាញ់ពីជនរួមជាតិនិងអន្តរជាតិ។”

លោកជំទាវអ្នកឧកញ៉ា មៅ ចំណាន ក៏បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ និងជម្រុញកិច្ចសហការជាមួយដៃគូវិស័យឯកជនយ៉ាងស៊ីជម្រៅ ដើម្បីជម្រុញគ្រប់វិស័យ ធ្វើយ៉ាងណាឱ្យសេដ្ធកិច្ចបានកាន់តែល្អប្រសើរ និងគិតគូពីជីវភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកជំទាំវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏រំពឹងផងដែរថា គ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការល្អជាមួយសមាគម ដើម្បីបន្តការងាររួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន និងកសាងសិល្បៈវប្បធម៌ឱ្យបានរឹងមាំដើម្បីធ្វើយ៉ាងណាឱ្យពិភពលោកស្គាល់កម្ពុជា តាមរយៈវិស័យសិល្បៈរបស់យើង។

សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយសំឡេង ៥២៧សំឡេង ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត ៦០០នាក់ដែលជាតំណាងសិល្បករគ្រប់ទម្រង់។
សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនី ដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ៕

ប្រភព៖ CNC


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង