![]()
ភ្នំពេញ៖ មរណភាពរបស់តារាកំប្លែងមាឌធំ នាយធុង បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងសង្វេគជាខ្លាំងដែលតែងឃើញវីដេអូសម្តែងជាមួយបងប្អូនរបស់លោកបង្ហោះនៅលើបណ្តាញសង្គមជាប្រចាំ តែបែរភ្លាមៗទទួលបានដំណឹងទុក្ខសោកបែបនេះទៅវិញ។

ក្នុងវ័យ ៣១ឆ្នាំ នាយធុង បានទទួលមរណភាពកាលពីថ្ងៃទី០១ ខែឧសភា ម្សិលមិញនេះនៅមន្ទីរពេទ្យដោយតាមរយៈការបញ្ជាក់ពីប្អូនស្រីពៅរបស់លោកបានឱ្យដឹងថា បងប្រុសរបស់ខ្លួនបានដួលក្នុងបន្ទប់ និងជាប់ជិត ១០ម៉ោង ដោយសារគីឡូធ្ងន់ពេកទើបធ្វើឱ្យការជួយសង្គ្រោះមានការលំបាកត្រូវចាយពេលយូរ។

ស្ថានភាពរបស់ នាយធុង ដែលមានជំងឺសួតស្រាប់ផងនោះ បានធ្វើឱ្យការខំប្រឹងងើបខ្លួនចេញពីបន្ទប់ទឹកធ្វើឱ្យលោកអស់កម្លាំងខ្លាំង ទោះជាយ៉ាងណាបន្ទាប់ពីអាចជួយលោកចេញពីបន្ទប់ទឹកបានជោគជ័យហើយ លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗកាលពីថ្ងៃទី២៧ ខែមេសា ផងដែរ ប៉ុន្តែរហូតដល់ពេលម្សិលមិញនេះជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយស្រោចស្រង់ជីវិតរបស់តារាកំប្លែងរូបនេះបានឡើយ។

ចិត្តជាម្តាយដែលត្រូវជូនដំណើរកូនប្រុសជាទីស្រលាញ់របស់ខ្លួនបែបនេះពិតជាមិនងាយស្រួលឡើយ មហាជននាំគ្នាអាណិតម្តាយរបស់តារាកំប្លែងរូបនេះជាខ្លាំងដែលទួញយំដង្ហើយសុំនិយាយជាមួយកូនជាលើកចុងក្រោយមុនពេលចាត់ចែងសពរបស់លោកដើម្បីធ្វើពិធី៕