
ភ្នំពេញ៖ អ្នកគាំទ្ររបស់តារាកំប្លែងសក់ផ្សិត ហ៊ាទី ប្រាកដជាធ្លាប់បានទស្សនាការសម្តែងរបស់ ហ៊ាទី កន្លងមករួចហើយ និងបានដឹងហើយថាសិល្បករជំនាន់ក្រោយរូបនេះមានទេពកោសល្យប៉ុណ្ណាក្នុងការញុំាងបរិយាកាសក្នុងកម្មវិធីឱ្យមានភាពសប្បាយៗជាមួយវោហាសព្ទមិនចេះរីងស្ងួតរបស់លោក។
ហ៊ាទី អាចក្តោបឱកាសក្នុងការសម្តែងក្នុងកម្មវិធី «តោះរៀនភាសា» បាន ២រដូវកាលហើយ ចំណែកឯរដូវកាលថ្មីនេះ ហ៊ាទី បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា «អរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រកម្មវិធី តោះរៀនភាសា របស់ទូរទស្សន៍ CTN ខ្ញុំបាទ ហ៊ាទី បានសំរេចចិត្តថា ទឹកប្រាក់ដែលខ្ញុំបានទទួលពីការថតកម្មវិធី «តោះរៀនភាសា» រដូវការថ្មីនេះ ខ្ញុំនឹងយកមកទិញអង្ករ គ្រឿងទេស ដើម្បីចែកជូនលោកយាយលោកតាចាស់ៗ ដូចអ្វីដែលខ្ញុំធ្លាប់ធ្វើកន្លងមក ព្រោះគាត់ពិតជាពិបាក បើបងប្អូនចង់ចូលរួមអាចចូលរួមជាមួយខ្ញុំផ្ទាល់បាន ខ្ញុំទៅថ្ងៃទី 09 ខែ05 នេះ»។
គួរបញ្ជាក់ដែរថា បន្ទាប់ពីទទួលបានភាពល្បីល្បាញនៅលើបណ្តាញសង្គមតិកតុកមក ហ៊ាទី ក៏បានបោះជំហាននៅលើវិចីសិល្បៈដោយទទួលបានការងារជាបន្តបន្ទាប់ និងកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយផងដែរ៕
