×

MasterChef Cambodia បង្ហាញគណៈកម្មការសម្រាប់រដូវកាលទី៣ជាផ្លូវការ សុទ្ធតែបុគ្គលជោគជ័យក្នុងវិស័យម្ហូបអាហារ

កន្លងមកប្រិយមិត្តមានភាពអន្ទះសាជាខ្លាំង ដោយចង់ដឹងពីសមាសភាពរបស់គណៈកម្មការថ្មី ថាតើគាត់គឺជានរណា។ ដោយមិនលាក់ទុកយូរទៀតទេ ទីបំផុតកម្មវិធី MasterChef Cambodia បានប្រកាសពីសមាសភាពរបស់គណៈកម្មការទាំង ៣ រូបជាផ្លូវការ នៅថ្ងៃទី៣ ខែឧសភានេះ។

ជាការពិតណាស់ គណៈកម្មការចំនួន ២ រូបដែលនឹងចូលមកផ្ដល់ការវិនិច្ឆ័យដោយមិនញញើតមាត់ និងផ្ដល់ការណែនាំដ៏មានតម្លៃ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ គឺ Judge Nara និង Judge Jessica ដែលបងប្អូនធ្លាប់ស្គាល់ពួកគេតាំងពីរដូវកាលទី១មកម្ល៉េះ។

រីឯគណៈកម្មការថ្មី គឺជា Judge ស៊ុន ម៉េងហ៊ី ដែលគាត់ជាបុគ្គលិកដ៏ជោគជ័យម្នាក់ មានបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងវិស័យម្ហូបអាហារ ដោយធ្លាប់ទទួលបានពានរង្វាន់ជាច្រើន និងជាប្រធានចុងភៅលំដាប់ផ្កាយប្រាំផងដែរ។

ដូច្នេះ Judge ទាំង៣ របស់កម្មវិធី MasterChef Cambodia រដូវកាលថ្មីនេះ នឹងនាំយកនូវបទពិសោធន៍ល្អៗរបស់ពួកគាត់មកចែករំលែកដល់បេក្ខជនប្រកួតប្រជែង ដើម្បីជួយឱ្យពួកគេអភិវឌ្ឍសមត្ថភាពពីអ្នកចម្អិនតាមផ្ទះ ក្លាយជាចុងភៅដ៏ចំណានម្នាក់នៅក្នុងផ្ទះបាយ MasterChef Cambodia ។

សូមរង់ចាំតាមដានព័ត៌មានលម្អិតបន្ថែមទៀត នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia តាមរយៈ Link នេះ https://www.facebook.com/MasterChefCambodiaCTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង