×

ការប្រកួតប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុនដែល CNC ផ្សាយផ្ទាល់ អាចចូលរួមទស្សនាដោយសេរីនៅពហុកីឡដ្ឋានជាតិអូឡាំពិក

ដោយយកចិត្តទុកដាក់ចំពោះកុមារកំព្រាកម្ពុជា ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចូលរួមផ្សព្វផ្សាយការប្រកួតប្រដាល់ឃីកបុកស៊ីង សប្បុរសធម៌ រវាងកម្ពុជា-ជប៉ុន នាថ្ងៃទី១០ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sport និង TV Tower ចាប់ពីម៉ោង៦ល្ងាចតទៅ។

ទស្សនិកជន នឹងបានទស្សនាគូពិសេសៗ ដូចជា កីឡាករ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករជើងខ្លាំងជប៉ុន Migichichi និងកីឡាករ រិន ដេវីត ប្រកួតជាមួយជើងខ្លាំង Katsuji ។

ក្រុមហ៊ុន CBS សហការជាមួយក្រុមហ៊ុន LDST គ្រោងរៀបចំព្រឹត្តិការណ៍ប្រដាល់ឃីកបុកស៊ីង សប្បុរសធម៌កម្ពុជា-ជប៉ុន ជាលើកដំបូងនៅប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រដាល់ឃីកបុកស៊ីង សប្បុរសធម៌កម្ពុជា-ជប៉ុននេះ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានសម្ដែងនូវក្ដីរីករាយចំពោះការរៀបចំឱ្យមានការប្រកួតនេះឡើង ខណៈបច្ចុប្បន្ននេះ ទាំងវិស័យគុនខ្មែរ និងវិស័យឃីកបុកស៊ីង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។

លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានឱ្យដឹងថា ការប្រកួតនេះនឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CNC ។ លោកសង្ឃឹមថា នឹងទទួលបានទស្សនាច្រើនពីសំណាក់ប្រជាជនកម្ពុជា ពិសេសរួមគ្នាចូលរួមចំណែកជួយដល់ការងារមនុស្សធម៌ ដូចជាមណ្ឌលកម្ពុជាកំព្រានៅកម្ពុជាជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង