×

លះបង់គ្រប់យ៉ាង ចុងក្រោយខាងស្រីបោកប្រាស់ទឹកចិត្តរហូតបុរសម្នាក់សម្រេចបញ្ចប់ជីវិត កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុននៅចិន

ចិន៖ ការលោតសម្លាប់ខ្លួនរបស់អ្នកលេងហ្គេមអនឡាញអាជីពដែលមានឈ្មោះហៅក្រៅថា “Fat Cat” កំពុងធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំងដោយសារប្រវត្តិស្នេហាដ៏សែនកម្សត់របស់បុរសរូបនេះត្រូវបានស្ត្រីម្នាក់ដែលលោកស្គាល់តាមរយៈហ្គេមអនឡាញម្នាក់មានវ័យច្រើនជាងលោក ៦ឆ្នាំបានបោកប្រាក់ក្តីស្រលាញ់ និងប្រាក់របស់លោកជាច្រើនម៉ឺនដុល្លារ។

Fat Cat បានលង់ស្រលាញ់ស្ត្រីរូបនោះដែលមានឈ្មោះ Tan Zhu រហូតក្រោយទាក់ទងគ្នាបានមួយរយៈ Tan Zhu ក៏បានយល់ព្រមទទួលក្តីស្រលាញ់ពី Fat Cat ប៉ុន្តែជាក់ស្តែងក្តីស្រលាញ់នោះគឺជាការបោកប្រាស់ទាំងស្រុងដោយ Tan Zhu បានលួងលោកឱ្យ Fat Cat ផ្ញើលុយឱ្យនាងដើម្បីទិញរបស់ដែលនាងចង់បាន។

ប្រាក់ចំនួន ៥១ម៉ឺនយ័នស្មើនឹងជាង ៦ម៉ឺនដុល្លារត្រូវបានវេរចូលគណនីធនាគាររបស់ Tan Zhu រយៈពេល ២ឆ្នាំដែលអ្នកទាំង ២ទាក់ទងគ្នា ហើយនេះជាមូលហេតុដែលធ្វើឱ្យ Fat Cat ខំប្រឹងសន្សំសំចៃដោយប្រាក់ដែលលោកអាចចាយវាយបានក្នុងមួយថ្ងៃត្រឹមតែ ១០យ័នប៉ុណ្ណោះ ព្រោះត្រូវដ្បិតត្បៀតដើម្បីមានប្រាក់ផ្ញើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់។

ក្រោយពីបានប្រាក់ទៅបើកហាងផ្កាដែលខ្លួនស្រលាញ់ហើយ Tan Zhu បានសុំ Fat Cat បែកគ្នា។ ព្រោះតែចិត្តស្រលាញ់ដ៏ស្មោះត្រង់របស់លោកបានប្រគល់ឱ្យសង្សារខ្លួនអស់ពីពោះទើបលោកសម្រេចលោតពីលើស្ពានដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។

ព័ត៌មានមួយនេះកំពុងផ្ទុះខ្លាំងនៅប្រទេសចិន ចំណែកឯមិត្តស្រីរបស់ Fat Cat វិញក្រោយទទួលបានដំណឹងមួយនេះនាងបានចេញវីដេអូសូមទោសទៅដល់ Fat Cat ចំពោះទង្វើរបស់ខ្លួន និងបានប្រកាសវេរប្រាក់ចំនួន ១៣៧,០០០ យ័នទៅឪពុកម្តាយរបស់ Fat Cat វិញរួមទាំងប្រាក់ដែលនាងទទួលបានមុនលោកស្លាប់ទៅបើកហាងផ្កានោះទៅវិញទាំងអស់ផងដែរ។ នាងបានបញ្ជាក់ឱ្យដឹងដែរថា រឿងហេតុមួយនេះបានវាយប្រហារផ្លូវចិត្តរបស់នាងជាខ្លាំងរហូតដល់កើតជំងឺបាក់ទឹកចិត្តទៀតផង។

យ៉ាងណាមិញ វីដេអូរបស់ Tan Zhu មិនបានធ្វើឱ្យមហាជនអាណិតនាងឡើយ ពោលគ្រប់គ្នារឹតតែខឹងនាងទ្វេដង និងថាទាំងទឹកមុខ និងការស្លៀកពាក់របស់នាងមិនបានសូមទោសចេញពីចិត្តឡើយ។ គួរបញ្ជាក់ដែរថា រឿងរ៉ាវមួយនេះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅប្រទេសចិនរហូតធ្វើឱ្យមនុស្សជាច្រើននាំគ្នាយកផ្កាទៅគោរពវិញ្ញាណក្ខ័ន្ធរបស់ Fat Cat យ៉ាងច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង