×

តស់ៗ! អ្នកណាហ្វេនពូវិទ្យាខ្លះ យប់នេះបើរឿង “កូនក្រមុំកែមុខ” Live បាន3k ពូវិទ្យាសន្យាជូនហ្វេនៗទៅមើលគេញ៉ាំកាហ្វេ

ភ្នំពេញ៖ រឿងភាគខ្មែរ “កូនក្រមុំកែមុខ” ពេលនេះចេញបាន ១១ភាគហើយ រីឯសន្ទុះនៃការគាំទ្រវិញកាន់តែទទួលបានការគាំទ្រខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលអ្នកទស្សនាបានលាន់មាត់សរសើរគ្រប់គ្នាផងដែរ។ រឿង “កូនក្រមុំកែមុខ” បានធ្វើឱ្យទស្សនិកជននាំគ្នាគ្រឺតខ្នាញ់តួប្រុសដែលមានឈ្មោះ វិទ្យា ជាខ្លាំងដោយសារលោកធ្វើបាបប្រពន្ធរបស់ខ្លួនដែលត្រូវ ឆដា ពិតប្រាកដយកនារីម្នាក់កំពុងបាត់ការចងចាំទៅកែមុខឱ្យដូចនាងដើម្បីទទួលកំហុសកាលដែលនាងបានសម្លាប់ឪពុកក្មេករបស់ខ្លួន។

ឆដា ពិតប្រាកដដែលមានអត្តចរិតកាច ល្បិចច្រើន ថែមទាំងផិតប្តីខ្លួនឯងផងនោះ បានប្រែក្លាយជា ឆដា ថ្មីដែលមានអត្តចរិតស្លូតបូត និងត្រូវរងការធ្វើបាបគ្រប់សព្វបែបយ៉ាងពីមនុស្សក្នុងផ្ទះ ជាពិសេសគឺ វិទ្យា។ សាច់រឿងដែលតួអង្គនីមួយៗសម្តែងបានល្អនេះហើយទើបធ្វើឱ្យ វិទ្យា ត្រូវអ្នកគាំទ្រគ្រឺតខ្នាញ់មិនស្ទើរឡើយ ព្រោះពួកគេពិតជាចូលតួតាមការសម្តែងរបស់តួអង្គក្នុងរឿងដែលកំពុងទទួលបានការគាំទ្រមួយនេះ។

ក្រលេកទៅមើលសន្ទុះនៃការគាំទ្រវិញរឿង “កូនក្រមុំកែមុខ” បានធ្វើឱ្យអ្នកគាំទ្រអន្ទះសាបន់ឱ្យតែដល់ម៉ោង Live ព្រោះសាច់រឿងពិតជាធ្វើឱ្យទស្សនិកជនជក់ចិត្តខ្លាំង និងសន្ទុះនៃអ្នកចូលទស្សនាការ Live ក៏បានកើនឡើងជាលំដាប់ផងដែរ។ ដោយឃើញការគាំទ្រខ្លាំងបែបនេះ តួប្រុសលោក វ៉ាន់ ដេវីដ បានផុសនៅហ្វេសបុករបស់ខ្លួនថា ហ្វេនពូវិទ្យាបើយប់នេះ Live បាន 3kលោកនឹងជូនទៅមើលគេញ៉ាំកាហ្វេ។

គួរបញ្ជាក់ដែរថា វ៉ាន់ ដេវីដ ជាតារាសម្តែងប្រុសដែលកំពុងទទួលបានទីផ្សារសិល្បៈ និងបានទាក់ចិត្តអ្នកគាំទ្រគ្រប់វ័យឱ្យចាប់អារម្មណ៍លើសមត្ថភាពនៃការសម្តែងរបស់លោកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង