![]()
ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា តារាសម្តែងថៃ ជេននី ក៏បានធ្វើដំណើរទៅកម្សាន្តនៅទឹកដីសៀមរាប និងបានផុសនៅលើគណនី IG របស់នាងផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យបងប្អូនខ្មែរយើងឆេះឆួលលើតារាស្រីរូបនេះខ្លាំង ក្រោយនាងបានផុសវីដេអូលើកដៃប្រណម និងទេសភាពជុំវិញប្រាសាទអង្គរវត្តភ្ជាប់ជាមួយប្រយោគ “Up where we belong អង្គរវត្ត” ដោយមានភ្ជាប់ជាមួយនឹងរូបពស់ក្នុងប្រយោគទៀតផង។

ផុសមួយនេះបានផ្ទុះប្រតិកម្មភ្លាមៗពីបងប្អូនខ្មែរយើងទៅលើអត្ថន័យក៏ដូចជារូបសញ្ញាពស់ដែលនាងបានដាក់រហូតធ្វើឱ្យតារាស្រីរូបនេះបិទ Comment តែម្តង។ ក្រោយផ្ទុះប្រតិកម្មខ្លាំងបែបនេះ នាងក៏សម្រេចចិត្តលុបប្រយោគ “Up where we belong” ចេញដោយទុកត្រឹមពាក្យ អង្គរវត្ត ប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា ផុសរបស់តារាស្រីរូបនេះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងជាច្រើនស្រងាកចិត្តចំពោះទង្វើរបស់នាងជាខ្លាំងផងដែរ៕
