×

ត្រឹមប៉ុណ្ណឹងក៏ដឹងថារឿង “កូនក្រមុំកែមុខ” ល្អមើលខ្លាំងប៉ុណ្ណាដែរ ត្រឹមមួយថ្ងៃសោះឈុតខ្លីមួយទទួលបានចំនួនអ្នក Like ដល់ 30k

ភ្នំពេញ៖ រឿងភាគ “កូនក្រមុំកែមុខ” កំពុងទាញយកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងរហូតដល់សន្ទុះនៃអ្នក Like ហក់ឡើងដល់ 30k ឯណោះក្នុងមួយថ្ងៃ តាមរយៈឈុតខ្លីមួយដែលបានផុសនៅលើហ្វេសប៊ុកផេក MyTV ។ សម្រាប់រឿងភាគមួយនេះ ទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុកដែលសាច់រឿងបានឆក់យកបេះដូងទស្សនិកជនឱ្យជក់ចិត្តដិតអារម្មណ៍រហូតសន្ទុះនៃការគាំទ្របានស្ទុះឡើងខ្លាំងជាលំដាប់។

ពីមួយភាគទៅមួយភាគ សាច់រឿងមិនដែលធ្វើឱ្យទស្សនិកជនធុញទ្រាន់ឡើយ ប៉ុន្តែមានតែការរង់ចាំយ៉ាងអន្ទះសាចង់ដឹងថាតើ តួប្រុស វិទ្យា នឹងធ្វើបាប អមរា បែបណាទៀត។ ទោះជាយ៉ាងណា កាន់តែធ្វើបាប អមរា ចិត្តដែលមានទៅលើនាង ក៏កើតមានឡើងដោយមិនដឹងខ្លួន។ ចំណុចនេះហើយជាហេតុនាំអារម្មណ៍ទស្សនិកជនឱ្យលួចញញឹមតាមសាច់រឿង និងក្នក់ក្នាញ់ចំពោះគូមួយនេះមិនស្ទើរឡើយ។

គួរបញ្ជាក់ថា រឿង “កូនក្រមុំកែមុខ” គឺជាសាច់រឿងដែលកូនប្រសារស្រី ២នាក់សុទ្ធតែមានគំនិតចង់បានទ្រព្យសម្បត្តិក្នុងគ្រួសាររបស់ វិទ្យា រហូតបង្កើតជម្លោះកាច់កុងគ្នាគ្មានថ្ងៃណាមួយដែលធ្វើឱ្យមនុស្សក្នុងផ្ទះរស់នៅដោយសន្តិភាពនឹងគ្នាឡើយ។ ពោលកូនប្រសារស្រីទី១ មានឈ្មោះ រាសី តែងព្យាយាមយកចិត្តម្តាយក្មេក និងធ្វើខ្លួនជាកូនប្រសារល្អដើម្បីឪពុកម្តាយក្មេកចែកទ្រព្យសម្បត្តិឱ្យ។

រីឯកូនប្រសារស្រីទី២ មានឈ្មោះ ឆដា ដែលក្រោយពីរៀបការជាមួយ វិទ្យា និងមានកូនស្រីម្នាក់ផងនោះក៏បានចេញចរិតពិតដើរលេងផឹកស៊ី និងមានសហាយទៀតផង។ ដោយសារមានថ្ងៃមួយឪពុកក្មេកនាងបានឃើញនាងនាំសហាយមកដល់បន្ទប់ក៏ធ្វើឱ្យនាងជ្រុលដៃរុញឪពុកក្មេកខ្លួនធ្លាក់ពីលើជណ្តើរស្លាប់ភ្លាមៗ។

ក្នុងហេតុនេះ ដើម្បីគេចពីកំហុសដែលខ្លួនបានធ្វើ ឆដា និងប្រុសសហាយរបស់នាងបានបើកឡានរត់គេច ក៏ជ្រុលទៅបុកនារីស្លូតត្រង់ម្នាក់ដល់បាត់ការចងចាំ ឆ្លៀតឱកាសនេះហើយទើបសហាយរបស់ ឆដា ដែលជាគ្រូកែសម្ជស្សស្រាប់បាននាំនារីរូបនោះទៅកែមុខឱ្យដូច ឆដា ដើម្បីក្លែងបន្លំជានាងដើម្បីទទួលទោសទាំងប៉ុន្មានជំនួសនាង។

ដូចនេះចង់ដឹងសាច់រឿងក្នុងរឿង “កូនក្រមុំកែមុខ” បែបណាទើបអាចទាញចំណាប់អារម្មណ៍ទស្សនិកជនឱ្យជក់ចិត្តដិតអារម្មណ៍ខ្លាំងបែបនេះ កុំភ្លេចទស្សនាទាំងអស់គ្នាដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក MyTV រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៧យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង