![]()
ហុងកុង៖ ការសម្តែងរបស់តារាស្រីដែលជ្រកក្រោមដំបូង TVB Charmaine Sheh មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងនឹងទេសពកោសល្យនៃការសម្តែងរបស់នាងឡើយ។ តារាស្រីរូបនេះអាចក្តោបបានតំណែងជាតួឯកស្រីក្នុងរឿងភាគបុរាណ និងសម័យជាច្រើនដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Charmaine Sheh មិនចេះរីងស្ងូតឡើយ ជាហេតុធ្វើឱ្យតារាស្រីរូបនេះអាចឈរលើវិថីសិល្បៈដោយមិនមានភាពរង្គោះរង្គើបន្តិចណាឡើយ។

Charmaine Sheh បានចុះកុងត្រាជាមួយ TVB តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ដោយសារទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់នាង បានធ្វើឱ្យតារាវ័យ ៤៨ឆ្នាំរូបនេះទទួលបានជោគជ័យជាខ្លាំង។ ទោះវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែការសម្តែងរបស់ Charmaine Sheh នៅតែធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរដែលនាងជាផ្នែកមួយបានធ្វើឱ្យសាច់រឿងទាំងមូលកាន់តែមានរសជាតិ។
ជាក់ស្តែង ថ្មីៗនេះ Charmaine Sheh ទទួលបានជោគជ័យខ្លាំងបន្ទាប់ពីថតរឿង “រាជនីសារព័ត៌មាន” ដែលនាងជាតួស្រីម្នាក់មានជំហររឹងមាំក្នុងការផ្តល់ព័ត៌មានច្បាស់លាស់ និងអាចបត់បែនបានគ្រប់កាលៈទេសៈដោយសារភាពវៃឆ្លាតរបស់នាង។ ភាពវៃឆ្លាតមួយនេះមិនខ្វះអ្នកចង់កាច់បំបាក់នាងនៅក្នុងក្រុមហ៊ុនឡើយ ដូចនេះនាងបានប្រើប្រាស់សមត្ថភាពដែលមានទាំងប៉ុន្មានទៅតបតវិញ និងក្នុងន័យដណ្តើមកៅអីជាមេក្រុមផងដែរ។

https://www.youtube.com/watch?v=1UlZTmOKCGo
រឿងភាគមួយនេះបានធ្វើឱ្យ Charmaine Sheh ដណ្តើមបានពានរង្វាន់សាជាថ្មីដែលគិតមកទល់ពេលនេះ នាងទទួលបានពានរង្វាន់ជាលើកទី៣ ពី TVB។ បើនិយាយពីភាពជោគជ័យនៅក្នុងសិល្បៈរបស់ Charmaine Sheh រាប់មិនអស់ឡើយពីសមិទ្ធផលការងារដែលនាងទទួលបាន ប៉ុន្តែបើក្រលេកទៅមើលពីជីវិតស្នេហាវិញ នាងនៅមិនទាន់រកបានដៃគូជីវិតដូចតារាប្រុសស្រីឯទៀតនៅឡើយបើទោះជាពេលនេះមានវ័យជិត ៥០ឆ្នាំទៅហើយ៕