
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ និងមិត្តអ្នកសិល្បៈ ទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរៈសិល្បករចាប៉ីដងវែង នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
នេះជាលើកទីមួយ ក្នុងការចុះសួរសុខទុក្ខ សិល្បករខ្មែរ បន្ទាប់ពីលោកជំទាវ ទទួលបានការគាំទ្រ ពីក្រុមសិល្បករ សិល្បការនី ឱ្យធ្វើជាប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ស្ថិតនៅក្នុងស្ថានភាព ក្នុងការសម្រាកព្យាបាលជំងឺនៅលើគ្រែពេទ្យ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានឆ្លើយតបទៅលោកជំទាវអ្នកឧកញ៉ាខ្សាវៗ ក្នុងន័យទទួលដំណើរអញ្ជើញរបស់លោកជំទាវអ្នកឧកញ៉ា ប៉ុន្តែលោកតា មិនអាចក្រោកអង្គុយទទួលលោកជំទាវ និងក្រុមការងារបានទេ ដោយសារសភាពជំងឺនៅធ្ងន់ធ្ងរនៅឡើយ ។
បើតាមកូនស្រីរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានបញ្ជាក់ថា សភាពជំងឺរបស់លោកតា មិនទាន់បានធូរស្បើយនៅឡើយទេ ដោយសារតែលោកតា មានវ័យចំណាស់ផង និងដោយព្រះជន្ម៨០វស្សាទៅហើយ។ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ត្រូវបានយកចិត្តទុកដាក់ មើលថែទាំពីក្រុមគ្រូពេទ្យយ៉ាងខ្លាំង ដោយពេទ្យបណ្តាក់វេនគ្នាមកពិនិត្យជាហូរហែរជូនលោកតា ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រសាសន៍ថាក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ ការដែលដឹកនាំក្រុមការងារមកសួរសុខទុក្ខលោកតានៅពេលនេះ គឺដើម្បីលើកទឹកចិត្តដល់សិល្បកររៀមច្បងដែលមានជំងឺ និងបានពាំនាំនូវថវិកាមួយចំនួនរបស់សមាគមសិល្បករខ្មែរផង និងថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវផ្ទាល់ផងដើម្បីសម្រួលបន្ទុកការសម្រាកព្យាបាលជំងឺផង។
លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា នេះគឺជារួមចំណែកជាមួយសិល្បករខ្មែរដែលបានទុកចិត្ត ជឿជាក់លើលោកជំទាវ និងបោះឆ្នោតជូនលោកជំទាវអ្នកឧកញ៉ា ធ្វើជាប្រធានសមាគមសិល្បករខ្មែរនេះ។ លោកជំទាវ នឹងមិនឱ្យពួកគាត់ខកចិត្តនោះទេ។ ជាមួយគ្នានេះ បើលោកជំទាវអ្នកឧកញ៉ា មិនចេញទៅធ្វើការនៅក្រៅប្រទេស ឬការងារផ្សេងៗនៅក្នុងប្រទេសនោះទេ លោកជំទាវ នឹងខិតខំប្រមែប្រមូលក្រុមការងារចុះជួបសិល្បករសិល្បការនីឱ្យបានច្រើន ដូចជាការលើកទឹកចិត្ត ផ្តល់ជាថវិកា ឬជាសម្ភារផ្សេងៗតាមតែអាចធ្វើទៅបាន ។
សូមបញ្ជាក់ផងដែរថា តាមការបញ្ជាក់របស់លោកជំទាវ និងមានកម្មវិធីមួយធំនៅចុងខែឧសភា ដែលជាការជួបជុំរៀមច្បងសិល្បករខ្មែរ ប៉ុន្តែនិតិវិធីដែលត្រូវជួបត្រូវធ្វើយ៉ាងណានោះ លោកជំទាវនឹងប្រាប់នៅពេលក្រោយ៕
ដកស្រង់ និងកែសម្រួលពី៖ CNC