![]()
អាមេរិក៖ ដំណឹងនៃពាក្យចចាមអារ៉ាមរាប់មិនអស់នៃបញ្ហារវាងចំណងស្នេហ៍របស់តារាចម្រៀងលំដាប់កំពូលJustin Bieber និងភរិយាជាតារាបង្ហាញម៉ូត Hailey បានកើតឡើងមិនចេះចប់ចាប់តាំងពីអ្នកទាំង ២ រៀបការជាមួយគ្នាមក។ Hailey ត្រូវបានគ្រប់គ្នាស្អប់ដោយពួកគេយល់ថា នាងជាជនទី ៣បំបែកស្នេហ៍ Justin ជាមួយ Selena ហើយការដែល Justin យល់ព្រមរៀបការជាមួយនាងគឺដោយសារយកបញ្ឈឺអតីតសង្សារប៉ុណ្ណោះ ប៉ុន្តែគេមិនបានស្រលាញ់នាងឡើយ។


ព្យុះនៃការរិះគន់បានបោកបក់រហូតព័ត៌មានជាច្រើនបានចុះផ្សាយពីការបែកបាក់ចំណងអាពាហ៍ពិពាហ៍រវាង Justin និង Hailey ប៉ុន្តែបើទោះជាមានការចុះផ្សាយយ៉ាងណាក៏ដោយក៏អ្នកទាំង ២នៅតែរក្សាភាពស្ងៀមស្ងាត់មិនបកស្រាយអ្វីទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលមុននេះ Justin បានចែករំលែករូបយំនៅ Story និងត្រូវលុបចេញវិញ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រសង្ស័យពីចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង ២ពិតជាបានដើរដល់ចំណុចបំបែក។




ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលផ្ទុយពីការសង្ស័យនោះគឺ បែរម្សិលមិញនេះ Justin និង Hailey បានបង្ហាញជាសាធារណៈឱ្យឃើញថា អ្នកទាំង ២កំពុងត្រៀមខ្លួនធ្វើជាឪពុកម្តាយគេហើយដោយពោះរបស់ Hailey បានខ្ទាតធំគួរសមដែរ។ នេះបានបង្ហាញពីសុភមង្គលគ្រួសារពេញលេញមួយក្រោយរៀបការជាមួយគ្នាក្នុងរយៈពេលជាង ៥ឆ្នាំមកនេះដោយទទួលបានការអបអរពីអ្នកគាំទ្រជាច្រើនផងដែរ៕