
សត្វស្លាបដែលមានខ្លួនតូច តែវាតែងតែធ្វើដំណើរឆ្លងប្រទេស ពោលគឺ ពីតំបន់អាស៊ីបូព៌ា មកកាន់អាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ។ សត្វ«ចាបសួគ៌ាជប៉ុន» ជាសត្វស្លាបដ៏ស្រស់ស្អាតមួយប្រភេទមកពីប្រទេសជប៉ុន។ វាមានឈ្មោះវិទ្យាសាស្រ្តថា Terpsiphone atrocaudata ហើយបក្សីតូចនេះគឺ ជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ ឬសត្វស្លាបធ្វើចំណាកស្រុក ដែលបង្កាត់ពូជនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិនតៃវ៉ាន់ និងភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន។
បើទោះបីជាវាមានទំហំតូចក៏ដោយ បក្សីដ៏អស្ចារ្យនេះត្រូវបានគេដឹងថា បានធ្វើចំណាកស្រុកយ៉ាងឆ្ងាយពីតំបន់ត្រជាក់នៅភាគខាងជើង ឆ្ពោះទៅរកតំបន់ក្តៅភាគខាងត្បូងក្នុងរដូវស្លឹកឈើជ្រុះ ឬសរទរដូវជារៀងរាល់ឆ្នាំ។
កាលពីខែមេសា ក្រុមអ្នកអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជាបាន ប្រទះឃើញសត្វស្លាបដ៏កម្រ និងស្រស់ស្អាតមួយនេះ នៅស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង។ នេះជាលើកទី២ហើយដែលក្រុមអ្នកអភិរក្សបានឃើញវត្តមានរបស់វានៅក្នុងប្រទេសកម្ពុជា ដែលជាដំណឹងដ៏ល្អមួយ ព្រោះវាបង្ហាញថា ប្រទេសកម្ពុជាមានទីជម្រក និងលក្ខខណ្ឌរស់នៅដ៏សមស្របមួយសម្រាប់បក្សីនេះឈប់សម្រាកក្នុងដំណើរទេសន្តរប្រវេសន៍របស់វា។
ក្រុមអ្នកអភិរក្ស បានប្តេជ្ញាក្នុងការការពារជម្រក និងប្រភេទសត្វផ្សេងៗដូចជាសត្វស្លាបមួយនេះ។ ទន្ទឹមនេះ ក៏បានស្នើដល់ពលរដ្ឋគ្រប់រូប ចូលរួមការពារមិត្តបក្សីទាំងអស់គ្នា សម្រាប់អ្នកជំនាន់ក្រោយបានស្គាល់៕