![]()
ភ្នំពេញ៖ រឿងភាគខ្មែរ “កូនក្រមុំកែមុខ” ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រដែលទន្ទឹងបន់ឱ្យតែដល់ថ្ងៃចាក់ផ្សាយ ដោយសារសាច់រឿងទាំងមូលបានទស្សនាហើយពិតជាជក់ចិត្តដិតអារម្មណ៍ខ្លាំងធ្វើឱ្យគ្រប់គ្នាចង់ដឹងថាសាច់រឿងក្នុងគ្រួសាររបស់ វិទ្យា នឹងទៅជាបែបណាបើសាច់ថ្លៃ និងបងប្អូនបង្កើតមិនដែលចុះសម្រុងគ្នាសូម្បីមួយថ្ងៃបែបនេះ?

ក្រោយ ឆដា យកមនុស្សស្រីម្នាក់ឈ្មោះ អមរា ទៅកែសម្ជស្សដើម្បីឱ្យទទួលទោសជំនួសដែលនាងបានសម្លាប់ឪពុកក្មេកហើយនោះ ធ្វើឱ្យជីវិតរបស់ អមរា មួយថ្ងៃៗរងតែទឹកភ្នែកដោយសារម្តាយក្មេក ប្តី និងបងថ្លៃស្រីព្រួតគ្នាធ្វើបាបមិនចប់។ បងថ្លៃស្រីដែលមានឈ្មោះ រាសី គឺជាមនុស្សម្នាក់ដែលតាមធ្វើបាប អមរា គ្រប់ពេល ហើយមានពេលខ្លះនាងបានបង្កើតរឿងទម្លាក់កំហុសលើ អមរា មិនឱ្យរស់នៅមានក្តីសុខឡើយ។

មួយថ្ងៃៗក្រៅពីបង្កើតជម្លោះជាមួយប្អូនថ្លៃប្រុសស្រីមិនអស់ចិត្ត រាសី នៅតាមរករឿងប្តីមិនឱ្យមានក្តីសុខរហូតធ្វើឱ្យក្នុងផ្ទះពោរពេញដោយរឿងក្តៅក្រហាយមិនចេះចប់។ យ៉ាងណាមិញ សម្តែងតួអង្គក្នុងរឿងមួយនេះ រាសី ដែលមានឈ្មោះពិត តាវាន់ ឌេង ក៏បានធ្វើឱ្យអ្នកគាំទ្ររឿងភាគ “កូនក្រមុំកែមុខ” គ្រឺតខ្នាញ់តាមមិនស្ទើរឡើយ ដោយសារសមត្ថភាពសម្តែងរបស់តារាស្រីរូបនេះពិតជាមិនស្ងើចសរសើរមិនបាន។

ដូចនេះចង់ដឹងថា ទេពកោសល្យសម្តែងរបស់តារាស្រី តាវាន់ ឌេង គួរឱ្យចាប់អារម្មណ៍ខ្លាំងប៉ុណ្ណាកុំភ្លេចរង់ចាំទស្សនារឿង “កូនក្រមុំកែមុខ” ដែលមានផ្សាយជូនរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ៧យប់តទៅនៅ MyTV៕