×

ក្តីសុខរយៈពេលខ្លី ឥលូវដល់ពេល ដេវីត និង ណៃ ត្រូវរងភាពឈឺចាប់ក្រោយការពិតត្រូវលាតត្រដាង

ភ្នំពេញ៖ “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” គឺជាប្រភេទរឿងបែបយុវវ័យមួយដែល ដេវីត ជាកូនប្រុសអ្នកមានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ និងគ្មានអ្នកណាអាចគ្រប់គ្រងលើជីវិតប៉ោឡែរបស់គេបានឡើយ។ ដោយសារឪពុកម្តាយមិនមានសមត្ថភាពក្នុងការនិយាយឱ្យកូនប្រុសតែមួយរូបនេះស្តាប់បង្គាប់បានព្រោះទម្រើសតាំងពីកើតមក ទើបវិធីចុងក្រោយមានតែសម្តែងជាធ្លាក់ខ្លួនរហូតជាប់បំណុលច្រើនលើសលប់ត្រូវរត់ចោលស្រុក រីឯ ដេវីត ក៏ត្រូវបញ្ជូនឱ្យទៅរស់នៅចម្ការដើម្បីប្រឹងរស់ដោយកម្លាំងញើសឈាមខ្លួនឯង។

ឆាកល្ខោនមួយនេះត្រូវបានម្តាយ ដេវីត ជួល ណៃ ឱ្យលុតដំអត្តចរិតរបស់កូនប្រុសខ្លួនទោះបី ណៃ ដឹងថាការកុហសមិនល្អប៉ុន្តែនាងបានបង្ខំចិត្តធ្វើដោយសារត្រូវការលុយចាំបាច់ទៅព្យាបាលជំងឺម្តាយ។ ដេវីត គឺជាប្រុសស្អាតដែលទៅដល់ណាក៏មានមនុស្សស្រីចោមរោមស្រលាញ់ ប៉ុន្តែភាពស្និទ្ធិស្នាលពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យកំលោះរូបនេះលង់ស្រលាញ់ ណៃ និងព្រមធ្វើអ្វីគ្រប់សព្វបែបយ៉ាងដើម្បីនាង។

កុងត្រាស្នេហ៍ដែល ណៃ បានព្រមព្រៀងជាមួយម្តាយរបស់ ដេវីត គឺដាច់ខាតនាងមិនអាចមានចិត្តស្រលាញ់កូនប្រុសខ្លួនបានឡើយ។ តួនាទីតែមួយគត់ដែលនាងត្រូវធ្វើគឺកែប្រែចរិត ដេវីត មិនឱ្យក្អេងក្អាងលុយឪពុកម្តាយប៉ុណ្ណោះ។ ក្តីសុខរយៈពេលខ្លី ប៉ុន្តែពេលនេះរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាង ដែលជាពេលវេលាមួយធ្វើឱ្យ ដេវីត និង ណៃ ឈឺចាប់បំផុតព្រោះម្ខាងត្រូវបានគេកុហក និងម្ខាងទៀតត្រូវបង្ខំចិត្តកុហកក៏ព្រោះតែត្រូវការលុយចាំបាច់។

មិនដឹង ដេវីត ខឹងស្អប់ ណៃ ដល់កម្រិតណាទេ ហើយក៏មិនដឹងថា ជីវិតរបស់អ្នកទាំង ២ត្រូវកាត់ផ្តាច់ទំនាក់ទំនងគ្នាត្រឹមនេះ ឬ យ៉ាងណាបន្តទៀតដែរ។ ដូចនេះចង់ដឹងសាច់រឿងកាន់តែច្បាស់កុំភ្លេចរង់ចាំទស្សនារឿង “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ នៅ MyTV ចាប់ពីម៉ោង ៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង