![]()
តៃវ៉ាន់៖ Barbie Hsu ឬគ្រប់គ្នាបានស្គាល់តារាស្រីរូបនេះរួចហើយចាប់តាំងពីនាងសម្តែងក្នុងរឿង F4 តៃវ៉ាន់ដែលផ្ទុះការគាំទ្រខ្លាំងមួយនេះ។ Barbie បានក្លាយជាតារាសម្តែងដែលមានភាពលេចធ្លោខ្លាំងធ្វើឱ្យអ្នកណាៗក៏ស្គាល់នាងនៅអំឡុងឆ្នាំ ២០០១ រហូតនាងអាចរកប្រាក់ចំណូលពីសិល្បៈបានយ៉ាងក្រែល។

ក្រោយជោគជ័យលើវិថីសិល្បៈហើយ នៅឆ្នាំ ២០១០ តារាស្រីរូបនេះក៏បានរៀបការជាមួយនឹងអ្នកជំនួញម្នាក់ឈ្មោះ Wang Xiaofei ដោយទទួលបានកូនប្រុសស្រីចំនួន ២នាក់។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះមានអាយុកាលត្រឹមរយៈពេល ១០ឆ្នាំប៉ុណ្ណោះ ដោយកាលពីឆ្នាំ ២០២១ កន្លងទៅ Barbie Hsu និង Wang Xiaofei បានប្រេះឆាគ្នាទាំងគ្រប់យ៉ាងនៅជំពាក់វាក់វិនគ្នាមកដល់សព្វថ្ងៃ។

អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ គ្រាន់តែព័ត៌មានចុះផ្សាយថា Barbie បានលែងលះគ្នាពីស្វាមីភ្លាម អតីតមិត្តប្រុសនាងជាតារាចម្រៀងកូរ៉េ DJ Koo ក៏បានទំនាក់ទំនងទៅនាងភ្លាម ទីបំផុតការត្រលប់មកវិញលើកនេះបានធ្វើឱ្យ Barbie ដឹកដៃតារាប្រុសរូបនេះទៅចុះសំបុត្រអាពាហ៍ពិពាហ៍ក្រោយលែងលះជាមួយអតីតស្វាមីបានទើបរយៈពេល ៣ខែប៉ុណ្ណោះ។

អាពាហ៍ពិពាហ៍មួយនេះ រងការរិះគន់ភ្លូកទឹកភ្លូកដីដោយអ្នកខ្លះចោទប្រកាន់លើ Barbie ថានាងលួចមានទំនាក់ទំនងជាមួយ DJ Koo ទើបរករឿងលែងលះជាមួយអតីតស្វាមី ចំណែកឯមតិមួយចំនួន បានលើកឡើងថា DJ Koo សម្លឹងឃើញទ្រព្យសម្បត្តិរបស់ Barbie និងប្រយោជន៍ចង់តោងនាងល្បីឈ្មោះទើបឆ្លៀតឱកាសបែបនេះ។

ចំណងអាពាហ៍ពិពាហ៍រយៈពេលជាង ២ឆ្នាំរវាង Barbie Hsu និង DJ Koo ធ្លាប់មានរឿងអាស្រូវថាអ្នកទាំង ២រស់នៅមិនចុះសម្រុងគ្នាឡើយ ប៉ុន្តែក៏ត្រូវស្ងាត់ទៅវិញ រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ម្សិលមិញនេះ សារព័ត៌មានថតបានរូប DJ Koo យួរកាបូបខោអាវទាំងមុខតប់ប្រមល់ចេញពីផ្ទះ Barbie ទាំងកណ្តាលយប់ ជាហេតុធ្វើឱ្យគ្រប់គ្នាកំពុងសន្និដ្ឋានថា Barbie Hsu និង DJ Koo ប្រាកដជាមានជម្លោះជាមួយគ្នាមិនខាន។

ស្ថានភាពរបស់ Barbie Hsu ពេលនេះកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្តខ្លាំងដោយសារបញ្ហាហិរញ្ញវត្ថុ និងជីវិតគ្រួសារ។ នាងមានបន្ទុកកូនត្រូវចិញ្ចឹមតែម្នាក់ឯងចំនួន ២នាក់ដោយសារ Wang Xiaofei បានបំពានច្បាប់ដែលបានព្រមព្រៀងក្នុងដីកាលែងលះដោយលោកបានផ្តាច់អាហារកិច្ចប្រចាំងខែ ហើយចំណុចនេះ បានធ្វើឱ្យជម្លោះក្តីក្តាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Barbie បានខាតលុយរាប់រយរាប់ពាន់ដុល្លារទៅលើការចំណាយរៀបចំការប្រគំតន្ត្រីឱ្យ DJ Koo និងការចំណាយប្រាក់ក្នុងការបើកហាងច្នៃម៉ូតដល់ស្វាមីរបស់នាងទៀតផង។

បញ្ហាហិរញ្ញវត្ថុមិននឹងនរនេះធ្វើឱ្យ Wang Xiaofei បានប្តឹងផ្តល់ទាមទារសិទ្ធិចិញ្ចឹមកូន ដែល Barbie ត្រូវប្រឈមនឹងការចាញ់ក្តី ចំណុចនេះហើយបានធ្វើឱ្យ Barbie មានសម្ពាធជាខ្លាំង និងឆេវឆាវបំផុត។ យ៉ាងណាមិញ ក្រលេកទៅចាប់អារម្មណ៍រូបភាពដែល DJ Koo យួរកាបូបខោអាវចេញដើរចេញពីផ្ទះ Barbie ទាំងកណ្តាលយប់ជាមួយទឹកមុខតប់ប្រមល់នេះមិនទាន់មានការបញ្ជាក់ពីសមីខ្លួនថាយ៉ាងណាឡើយ៕