
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងកាន់តែពិសេសអស្ចារ្យ ភាពសប្បាយរីករាយ អារម្មណ៍រំភើប និងការសម្រក់ទឹកភ្នែកមានគ្រប់រសជាតិ នឹងត្រូវបានបង្ហាញ។
រដូវកាលនេះ នឹងមានគ្របរសជាតិ នៅក្នុងផ្ទះបាយដ៏ប្រណីតអស្ចារ្យរបស់ MasterChef Cambodia ។ រឿងដែលអ្នកគួរដឹងពីកម្មវិធី MasterChef Cambodia រដូវកាលទី៣៖
គណៈកម្មការ
នៅក្នុងរដូវកាលទី៣ ទស្សនិកជននឹងបានជួបជាមួយគណៈកម្មការថ្មីមួយរូប នៅក្នុងកម្មវិធី MasterChef Cambodia គឺ លោក ស៊ុន ម៉េងហ៊ី (Judge Meng Hy) ។
គណៈកម្មការរដូវកាលមុនៗ ដែលត្រឡប់មកវិញ រួមមាន Judge Nara និង Judge Jessica ដែលពួកគាត់នឹងនៅជាមួយទស្សនិកជនរបស់ MasterChef Cambodia រដូវកាលទី៣ ចាប់ពីថ្ងៃចាក់ផ្សាយដំបូងរហូតដល់ថ្ងៃចាក់ផ្សាយវគ្គផ្ដាច់ព្រ័ត្រ។
តើកម្មវិធី MasterChef Cambodia រដូវកាលទី៣ ថតនៅទីតាំងណា?
ការផលិតកម្មវិធី MasterChef Cambodia រដូវកាលទី៣ ភាគច្រើននឹងត្រូវបានផលិតនៅស្ទូឌីយោដ៏ទំនើបរបស់ក្រុមហ៊ុន CBS ប៉ុន្តែនឹងមានការប្រកួតនៅខាងក្រៅស្ទូឌីយោផងដែរ។ ទាំងបច្ចេកទេស ទាំងការរៀបចំ នឹងត្រូវបានផលិតយ៉ាងល្អឥតខ្ចោះពីក្រុមការងារ MasterChef Cambodia ដើម្បីផ្ដល់ជូននូវគុណភាពសម្រាប់ទស្សនិកជនរបស់ CTN ។
តើលោកអ្នកអាចទស្សនាកម្មវិធី MasterChef Cambodia បានដោយវិធីណា?
MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើ Facebook Page ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨ យប់តទៅ។
អ្នកចូលរួមប្រកួត
កម្មវិធី MasterChef Cambodia បានជ្រើសរើសបេក្ខជនមកពីគ្រប់បណ្ដារាជធានីខេត្ត ទោះបីជាក្រុមការងារបានទៅទទួលពាក្យរបស់បេក្ខជន នៅក្នុងរាជធានីខេត្តតែចំនួន ៧ ក៏ដោយ ក្នុងនោះមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ សៀមរាប ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។
រង្វាន់
អ្នកឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានពានរង្វាន់ដ៏ស្រស់ស្អាតមួយ អមជាមួយទឹកប្រាក់ចំនួន ២០០លានរៀល និងងារជាកំពូលចុងភៅឯក MasterChef Cambodia រដូវកាលទី៣៕
