![]()
កម្សាន្ត៖ F4 ត្រូវបាននិពន្ធ និងថតដំបូងចេញពីខាងកោះតៃវ៉ាន់ ដែលរឿងមួយនេះទទួលបានសន្ទុះនៃការគាំទ្រខ្លាំងកាលពីអំលុងឆ្នាំ ២០០១ និងត្រូវបានបណ្តាប្រទេសនានាសុំសិទ្ធិអនុញ្ញាតិដើម្បីថតរឿងមួយនេះសាឡើងវិញទៀតផង។ ក្នុងនោះមានដូចជាប្រទេសកូរ៉េខាងត្បូង ប្រទេសថៃ និងប្រទេសជប៉ុន ជាដើមដោយក្នុងនោះកូរ៉េខាងត្បូងទទួលបានការគាំទ្រខ្លាំង និងបានបោះទុនយ៉ាងសន្ធឹកផងដែរ។

តួអង្គសំខាន់ៗដែលបានថតរឿង F4 សុទ្ធសឹងតែទទួលបានប្រជាប្រិយភាពដែលត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈការសម្តែងក្នុងរឿងមួយនេះឡើង។ ក្រោយកន្លងទៅអស់ជាច្រើនឆ្នាំមកនេះ តួអង្គសំខាន់ៗក្នុងរឿងនេះមានអ្នកខ្លះនៅតែបន្តការងារសិល្បៈយ៉ាងសកម្ម ខណៈខ្លះទៀតក៏ទៅចាប់របរផ្សេងៗទៅតាមជីវិតរបស់ពួកគេ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺ វាសនាតួឯកស្រីក្នុងរឿង F4 ទាំងតៃវ៉ាន់ និងកូរ៉េ មានវាសនាស្រដៀងគ្នាខ្លាំងដែលអ្នកទាំង ២សុទ្ធសឹងបរាជ័យជាមួយនឹងជីវិតគ្រួសារដូចគ្នា។ អ្វីដែលសំខាន់ ស្ថានភាពរបស់តារាស្រីទាំង ២នេះប្រែក្លាយជាយ៉ាប់យឺនបន្ទាប់ពីបែកបាក់គ្រួសារដោយ Barbie Hsu នៅតែជាប់រឿងក្តីជាច្រើនជាមួយនឹងអតីតស្វាមី និងបញ្ហាហិរញ្ញវត្ថុកើតឡើងរហូតនាងមានសម្ពាធផ្លូវអារម្មណ៍ឃុំខ្លួនឯងនៅតែផ្ទះ។

ងាកទៅមើល Koo Hye Sun ដែលជាតួឯកស្រី F4 កូរ៉េវិញ នាងបានបែកបាក់គ្រួសារក្រោយរៀបការបាន ៣ឆ្នាំ។ រឿងរ៉ាវរបស់តារាស្រីរូបនេះកាលពីពេលថ្មីៗនេះត្រូវបានលាតត្រដាងថា នាងមិនមានផ្ទះផ្ទាល់ខ្លួនទេ សព្វថ្ងៃនាងរស់នៅជាមួយម្តាយ ហើយនៅពេលនាងចូលសិក្សាថ្នាក់មហាវិទ្យាល័យ និងចំថ្ងៃប្រលង ឬក្នុងថ្ងៃពិសេសណាមួយ Koo Hye Sun បានរស់នៅក្នុងរថយន្តដោយសារបន្ទប់ជួលដែលនាងធ្លាប់ជួលបានផុតកំណត់ហើយនាងមិនអាចរកបន្ទប់ថ្មីបាន។
នៅពេលសួរដល់ការសម្អាតខ្លួនវិញនាងបានឱ្យដឹងថា ជាទូទៅនាងមិនធ្វើវាញឹកញាប់ប៉ុន្មានឡើយ ហើយនាងក៏អាចចាត់ចែងបានដោយមានត្រឹមសាប៊ូមួយដុំគឺនាងប្រើពីក្បាលដល់ចុងជើង មិនត្រឹមតែប៉ុណ្ណោះនាងក៏មិនត្រូវការប្រើប្រាស់ឡេលាបខ្លួននោះដែរព្រោះនាងយល់ថាវាមិនចាំបាច់៕