×

បេក្ខជនទទួលបានអៀមចំនួន១០នាក់ដំបូងពីគណៈកម្មការ MasterChef Cambodia រដូវកាលទី៣ មកពីរាជធានីខេត្តចំនួន៤

ដំណើរស្វែងរកបេក្ខជនដែលក្លាយជាម្ចាស់អៀម ស របស់កម្មវិធីប្រកួតចម្អិតម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានសម្រេចមួយជំហានហើយ បន្ទាប់ពីបេក្ខជនចំនួន ១០ រូប បានឈ្នះចិត្តរបស់គណៈកម្មការទាំង៣រូប ដើម្បីទទួលបានអៀម ស ចំនួន ១០ កាលពីវគ្គទីមួយកន្លងទៅ។

បេក្ខជនទាំង១០រូប មកពីរាជធានីខេត្តចំនួន ៤ ផ្សេងគ្នា ក្នុងនោះបេក្ខជនរាជធានីភ្នំពេញមានចំនួនច្រើនគេ បន្ទាប់មកមានបេក្ខជនមកពីខេត្តសៀមរាបម្នាក់ ខេត្តព្រៃវែងម្នាក់ និងខេត្តកំពតម្នាក់។

ក្នុងចំណោមអ្នកទទួលបានអៀមសទាំង ១០ រួមមាន៖ លោក ឃួន សំអន អាយុ ២៣ឆ្នាំ គឺជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មត្តេយ្យ មកពីរាជធានីភ្នំពេញ, កញ្ញា ព្រាប ស្រីលក្ខ័ណ៍ អាយុ ២៩ឆ្នាំ ជាគ្រូបង្វឹកហាត់ប្រាណ មកពីរាជធានីភ្នំពេញ, លោក សំ សុធារិទ្ធ អាយុ ៣១ឆ្នាំ ជាអ្នកផលិតមាតិកាម្ហូប មកពីភ្នំពេញ, លោក ដេត វណ្ណដូ អាយុ ២០ឆ្នាំ ជាអ្នកចម្រៀងបុរាណ មកពីភ្នំពេញ, លោក ហាយ ហ្សង់ បុគ្គលិកក្រុមហ៊ុន មកពីភ្នំពេញ, លោក បូរី សីលា អាយុ ៣៦ឆ្នាំ ជាមន្ត្រីអាវុធហត្ថ មកពីខេត្តព្រៃវែង, ប៉ែន សុគន្ធា អាយុ ៤៤ឆ្នាំ ជាម្ចាស់ហាងកាហ្វេ មកពីខេត្តកំពត, និង បូរ ស្រីនាង អាយុ ៣២ឆ្នាំ ជាអាជីវករលក់ផលិតផលខ្មែរ មកពីខេត្តសៀមរាប។

អ្នកទាំង១០ គឺជាបេក្ខជនលេចធ្លោ ជាងគេតាំងពីវិញ្ញាសាបកខ្ទឹមស រហូតដល់វិញ្ញាសាចម្អិនម្ហូបដែលមានត្រីឆ្ពង់ជាគ្រឿងផ្សំគោល នៅក្នុងវគ្គទីមួយ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។

តើបេក្ខជនរូបណាទៀត ដែលនឹងទទួលបានអៀមសពីគណៈកម្មការ Judge Nara, Judge Jessica និង Judge Meng Hy នៅវគ្គបន្ទាប់? ដូច្នេះ មានតែរង់ចាំទស្សនាវគ្គទីពីរនៃកម្មវិធី MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង