
នៅក្នុងចំណោមបេក្ខជនចំនួន ៦០នាក់ ដែលបានឈានជើងចូលប្រកួតវគ្គដណ្ដើមអៀមស ក្នុងសប្ដាហ៍ទីមួយ មានបេក្ខជនម្នាក់គឺជាបុគ្គលដែលមានការតស៊ូ និងមានបំណងប្រាថ្នាចង់ក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
លោក ឃួន សំអន អាយុ ២៣ ឆ្នាំ គឺជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មត្តេយ្យ មកពីរាជធានីភ្នំពេញ។ តាមពិតទៅ សំអន បានកើតនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែសព្វថ្ងៃលោកបានមករស់នៅវត្តបុទមវត្តី នៅក្នុងរាជធានីភ្នំពេញ។

នៅពេលទំនេរពីការងារជាគ្រូបង្រៀន សំអន តែងតែឆ្លៀតពេលដើម្បីចម្អិនម្ហូប និងគូររូប ដោយសារចំណង់ចំណូលចិត្តទាំងពីរនេះ បានធ្វើឱ្យ សំអន អាចផ្ចង់អារម្មណ៍បានល្អ។ មូលហេតុដែលមកដាក់ពាក្យប្រឡងនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ព្រោះ សំអន ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួនឯង និងការស្រឡាញ់នៅលើវិស័យម្ហូបអាហារនេះ។
មិនខកបំណងឡើយ សំអន បានសម្រេចក្ដីស្រមៃរបស់ខ្លួនបានមួយជំហានហើយ បន្ទាប់ពីទទួលបានអៀម ស ពីគណៈកម្មការ MasterChef Cambodia រដូវកាលទី៣។ សំអន ជាបេក្ខជនដែលលេចធ្លោ ធ្វើបានយ៉ាងល្អនៅក្នុងវិញ្ញាសាបកខ្ទឹមស ដោយបានចូលរួមជាមួយបេក្ខជនខ្លាំងចំនួន ១៤នាក់ ដើម្បីប្រកួតលើវិញ្ញាសាទីពីរ គឺវិញ្ញាសាពន្លះត្រីឆ្ពង់។
ក្រោយការពិភាក្សារបស់គណៈកម្មការទាំង៣ ទីបំផុត សំអន ក្លាយជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជន ៥នាក់ដំបូងគេបង្អស់ដែលទទួលបានអៀម ស ដើម្បីឈានទៅកាន់វគ្គបន្ទាប់។
តើវិថី នៅក្នុងផ្ទះបាយ MasterChef Cambodia របស់ សំអន វែងឆ្ងាយកម្រិតណា? ដូច្នេះកុំភ្លេចរង់ចាំតាមដានដំណើរផ្សងព្រេងរបស់គាត់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕
