
កំពត៖ គម្រោងសងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយរហូតមកទល់នឹងពេលនេះ សម្រេចបានប្រហែល ៣០ភាគរយហើយ។ នេះបើតាមការអះអាងរបស់តំណាងក្រុមហ៊ុន សុខាអូតែល។
ទីឋានសក្ការៈដ៏ធំស្កឹមស្កៃ ស្ថិតនៅលើកំពូលភ្នំបូកគោ នៃឧទ្យានជាតិព្រះមុនីវង្សនេះ នឹងក្លាយជាតំបន់ទេសចរណ៍បែបសាសនាសម្រាប់ពុទ្ធបរិស័ទក្នុងស្រុក និងភ្ញៀវទេសចរទូទាំងពិភពលោក។ ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនេះ។
ផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ក្នុងបេសកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនសុខាអូតែល បានឱ្យដឹងថា គម្រោងសាងសង់នេះ គឺមានព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ មួយព្រះអង្គគង់នៅលើខឿន អមដោយព្រះពុទ្ធូបចំនួន ១២អង្គគង់ក្នុងបុស្បុក និងក្រៅពីនេះ ក៏មានព្រះពុទ្ធរូបតូចៗប្រមាណ ៨៤.០០០អង្គ ដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំដែលកំពុងសាងសង់នេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក។
លោកបានលើកឡើងថា ក្រុមហ៊ុនក៏បានផ្តល់ឱកាសសម្រាប់សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាសម្រាប់អង្គធំ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធរូបអង្គតូចៗ ដើម្បីដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬឈ្មោះអ្នកមានគុណនៅខាងមុខបល្ល័ង្ក។ លោកថា រហូតមកទល់នឹងពេលនេះ មានសប្បុរសជនបានជាវព្រះពុទ្ធរូបតូចៗសម្រាប់ដាក់តម្កល់លើជញ្ជាំងនៅក្នុងខឿន ប្រមាណជាង ១.០០០អង្គហើយ។
ការសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពីខែមករា ឆ្នាំ ២០២៣ និងចំណាយពេលរយៈពេល ៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង ៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់ប្រមាណ ១.០៧៥ម៉ែត្រ ពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។
ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២៕

ប្រភព៖ CNC
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ កែវ ភិរុណ